សម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូនី បន្តជំរុញ និងចែករំលែកនូវព័ត៌មានអំពីឱកាសវិនិយោគនៅកម្ពុជាដល់វិនិយោគិននិយាយភាសាបារាំង

ភ្នំពេញ៖ ក្នុងឱកាសនៃជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានារសៀលថ្ងៃទី៨ ខែកក្កដាលោក Geoffroy Roux De Bézieux សម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូនី(APF)បានជម្រាបជូនសម្ដេចធិបតីអំពីភាពជាដៃគូដ៏ល្អប្រសើរ ក៏ដូចជាការភ្ជាប់នូវទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ ។តាមរយៈដំណើរទស្សនកិច្ចនេះ លោកប្រធាននឹងបន្តជំរុញ និងចែករំលែកព័ត៌មានអំពីកម្ពុជាទៅដល់វិនិយោគិននិយាយភាសាបារាំង ឱ្យមកវិនិយោគនៅព្រះរាជា ណាចក្រកម្ពុជាបន្ថែមទៀត។

លោកប្រធានAPF ក៏បានរំឭកអំពីជំនួបរបស់លោកជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋបារាំង ។លោកក៏បានបញ្ជាក់ផងដែរថាទស្សនកិច្ចនៅកម្ពុជានាឱកាសនេះ គឺគោរពទៅតាមការសន្យារបស់លោក ដើម្បីស្វែងរកឱកាស វិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ លោកប្រធាន APF ក៏បានជម្រាបជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត អំពីការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនាខែតុលា ឆ្នាំ២០២៤ នៅសាធារណរដ្ឋបារាំង ។ប្រទេសបារាំងបានគាំទ្រយ៉ាងពេញទំហឹងចំពោះបេក្ខភាពកម្ពុជា និងសង្ឃឹមថាកម្ពុជានឹងបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ២០២៦ ខាងមុខនេះ។ ការរៀបចំកិច្ចប្រជុំកំពូលនេះនឹងជាឱកាសក្នុងការទាក់ទាញបណ្ដាក្រុមហ៊ុនវិនិយោគ ពីបណ្ដាប្រទេសហ្វ្រង់កូហ្វូនីជុំវិញពិភពលោក មកវិនិយោគនៅក្នុងកម្ពុជា។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោក Geoffroy Roux De Bézieux និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងបារាំង ក៏ដូចជាការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យឯកជន រវាងប្រទេសទាំងពីរផងដែរ។

សម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំងឱ្យកាន់តែរឹងមាំបន្ថែមទៀត។សម្តេចធិបតី ក៏បានរំឭកផងដែរអំពីជំនួបរបស់សម្ដេច ជាមួយឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងអំឡុងពេលដែល សម្តេចអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង កាលពីខែមករាឆ្នាំ២០២៤ ដោយគ្រានោះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីគំនិតផ្តួចផ្តើមក្នុងការបង្កើតមជ្ឈមណ្ឌលវប្បធម៌ និងភាសាបារាំង ថ្នាក់តំបន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

បន្ថែមលើនេះ សម្ដេចធិបតី ក៏បានសម្ដែងនូវក្តីរីករាយ ចំពោះក្រុមហ៊ុនបារាំង ដែលបានមកបោះទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ដែលនេះបង្ហាញពីជំនឿចិត្តយ៉ាងខ្លាំងក្លារបស់វិនិយោគិនបារាំងហើយសម្ដេចធិបតី សង្ឃឹមថា ការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរនឹងកាន់តែរីកចម្រើនបន្ថែមទៀត ។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលបារាំង ដែលបានគាំទ្របេក្ខភាពកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ២០២៦។

ក្នុងជំនួបនេះផងដែរ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ជូនលោកប្រធាន APF និងគណ:ប្រតិភូ អំពីការដាក់ចេញនូវគោលនយោបាយ ដើម្បីធានានូវបរិយាកាសធុរកិច្ចល្អប្រសើរ និងធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការអនុវត្តច្បាប់វិនិយោគ និងការដាក់ចេញនូវយន្តការដែលមានភាពបត់បែន ដើម្បីផ្តល់ការគាំទ្រ និងឆ្លើយតបទៅនឹងតម្រូវការរបស់វិនិយោគិន និងវិស័យឯកជននៅព្រះរាជាណាចក្រកម្ពុជា។
ដោយៈ វណ្ណ លុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner