សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យសមត្ថកិច្ចកម្ពុជា-ហ្វីលីពីន រួមគ្នាបង្រ្កាប និងទប់ស្កាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតឱ្យមានប្រសិទ្ធភាពខ្ពស់

ភ្នំពេញ៖ ក្នុងឱកាសអនុញាតិឱ្យលោកជំទាវ ផ្លេរីដា អែន ខាំមែល ភីម៉ាយយូ ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសទាំងពីរខិតខំធ្វើការរួមគ្នាដើម្បីបង្រ្កាប និងទប់ស្កាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត ការបោកប្រាស់អនឡាញ និងការជួញដូរមនុស្ស ឱ្យមានប្រសិទ្ធភាពកាន់តែខ្ពស់។

ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ក្រុមឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណិតកន្លងមកតែងចល័តទៅមកក្នុងចំណោមប្រទេសអាស៊ាន និងបានធ្វើឱ្យខូចឈ្មោះប្រទេសកម្ពុជា-ហ្វីលីពីន។ ដូច្នេះសម្តេចបានគាំទ្រនិងជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសទាំងពីរត្រូវខិតខំធ្វើការរួមគ្នាដើម្បីបង្រ្កាបនិងទប់ស្កាត់បញ្ហានេះឲ្យមានប្រសិទ្ធភាពកាន់តែខ្ពស់។

ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា លោកជំទាវ ផ្លេរីដា អែន ខាំមែល ភីម៉ាយយូ បានជម្រាបសម្តេចថាហ្វីលីពីនបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមសហការជាមួយកម្ពុជាក្នុងការបង្កើតគណៈកម្មការរួមកម្រិតខ្ពស់ប្រយុទ្ធប្រឆាំងនឹងបទល្មើសតាមប្រព័ន្ធអ៊ីនធឺណិត ការឆបោកតាមប្រព័ន្ធអនឡាញ និងការជួញដូរមនុស្ស ដែលបញ្ហានេះជាកង្វល់រួមនៃប្រទេសយើងទាំងពីរ។

លោកជំទាវ ផ្លេរីដា អែន ខាំមែល ភីម៉ាយយូ ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលកន្លងមកតែងបានគាំទ្រនិងការពារប្រជាជនហ្វីលីពីនដែលមកធ្វើការ និងរស់នៅក្នុងប្រទេសកម្ពុជាដោយគ្មានការរើសអើង។

លោកជំទាវក៏បានសំណូមពរដល់សម្តេចតេជោ ហ៊ុន សែន បន្តជួយគាំទ្រនិងផ្តល់ការយកចិត្តទុកដាក់ដល់សហគមន៍ប្រជាជនហ្វីលីពីនដែលកំពុងធ្វើការ និងរស់នៅជាច្រើនឆ្នាំមកហើយនៅក្នុងប្រទេសកម្ពុជាដែលភាគច្រើនពួកគេជាគ្រូបង្រៀនភាសាអង់គ្លេស បុគ្គលិកក្រុមហ៊ុន និងបុគ្គលិកសាសនា។

ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅលោកស្រីអគ្គរដ្ឋទូតថា កម្ពុជានឹងបន្តយក ចិត្តទុកដាក់និងការពាររាល់ផលប្រយោជន៍សហគមន៍ប្រជាជនហ្វីលីពីនដែលកំពុងធ្វើការ និង រស់នៅក្នុងប្រទេសកម្ពុជាប្រកបដោយភាពសុខសាន្ត ៕
ដោយៈ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner