រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្វែងរក «ថ្នាក់ដឹកនាំមួយចំនួន» ពាក់ព័ន្ធគ្រឿងញៀនជាង ២០គីឡូ (Video Inside)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសស្វែងរក «ថ្នាក់ដឹកនាំមួយចំនួន» ដែលជាប់ពាក់ព័ន្ធ នឹងអំពើជួញដូរគ្រឿងញៀនជាង ២០គីឡូក្រាម បន្ទាប់ពីសមត្ថកិច្ចបានចាប់ជនសង្ស័យជាតិ នីហ្សេរីយ៉ាម្នាក់ នៅក្នុងខេត្តស្វាយរៀង។

បុរសជាតិនីហ្សេរីយ៉ាម្នាក់ជាមួយគ្រឿងញៀន ២០គីឡូក្រាម ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃទី១កក្កដា នៅក្នុងខេត្តស្វាយរៀង។ គ្រឿងញៀនឆ្លងដែនទាំងនោះ រួមមានគ្រឿងញៀនហ៊ីរ៉ូអ៊ីន និងមេតំហ្វេតាមីន។

លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា ដែលជាឧបនាយករដ្ឋមន្ត្រីផងដែរនោះ បានថ្លែងថា គ្រឿងញៀនដែលចាប់បានពីជនជាតិនីហ្សេរីយ៉ា ទម្ងន់ជាង ២០គីឡូក្រាមនោះ ត្រូវបានរកឃើញថា មានប្រភពទាក់ទងក្នុងរាជធានីភ្នំពេញ ដោយមានការបញ្ជាទិញពីក្លឹបកំសាន្ត សប្បាយៗ និងជាប់ទាក់ទងនឹងមន្ត្រីជាន់ខ្ពស់ខ្លះដទៃទៀត។

ប្រសាសន៍បញ្ជាក់របស់លោករដ្ឋមន្ត្រី ស សុខា បានធ្វើកាលពីថ្ងៃទី៤កក្កដា និងរហូតមកទល់នឹងថ្ងៃទី៨ កក្កដា ឆ្នាំ២០២៤ នៅមិនទាន់មានសេចក្តីរាយការណ៍បញ្ជាក់លំអិតបន្ថែម ពីក្រុមនាំពាក្យក្រសួងមហាផ្ទៃនៅឡើយទេ។

ជនសង្ស័យឈ្មោះ ម៉ាឌូ ដានីញ៉ែល សូពូរូ អាយុ២៩ឆ្នាំ កាន់លិខិតឆ្លងដែនហួសសុពលភាព លេខ A06478250 ត្រូវបានតុលាការបានឃុំខ្លួនរួចមកហើយ ក្រោយការចាប់ខ្លួននៅយប់ទី១ កក្កដា នៅចំណុច ភូមិអូតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប។

សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២៤ បានដាក់ចេញបទបញ្ជាដាច់ខាត នូវការដាក់ទោសតាមច្បាប់ ចំពោះមន្ត្រីរាជការណាក៏ដោយដែលបានរកឃើញសកម្មភាព ជាប់ទាក់នឹងនឹងអំពើជួញដូរគ្រឿងញៀនដោយខុសច្បាប់។

មន្ត្រីរាជការណាដែលរកឃើញថា បានជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ដាច់ខាតត្រូវបញ្ចប់ មុខតំណែង និងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង។

ads banner