ក្រុមហ៊ុន Toyota គ្រោងបើកសាលាបណ្ដុះបណ្ដាលជំនាញយានយន្តនៅកម្ពុជា (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលជួបនាយកក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) ដែលលើកឡើងនូវគំនិតផ្ដួចផ្ដើមរបស់ក្រុមហ៊ុនតូយ៉ូតា ក្នុងការបង្កើតសាលាបណ្ដុះបណ្ដាល ជំនាញយានយន្ត (Toyota Academy) នៅក្នុងព្រះជាណាចក្រកម្ពុជា។

លោកហ៊្វូជីតា រីយ៉ូជី Fujita Ryoji ក្នុងជំនួបថ្ងៃទី៨កក្កដា ជាមួយសម្តេចធិបតី នាវិមានសន្តិភាព បានគោរពស្នើសុំអនុសាសន៍ណែនាំពីសម្ដេចធិបតីពាក់ព័ន្ធ នឹងការរៀបចំបង្កើតសាលាបណ្ដុះបណ្ដាលជំនាញយានយន្ត។

លោកនាយកក្រុមហ៊ុន បានគោរពរាយការណ៍ជូនសម្ដេចធិបតីអំពីវឌ្ឍនភាព និងដំណើរការអាជីវកម្មរបស់រោងចក្រដំឡើងរថយន្ត របស់ក្រុមហ៊ុនតូយ៉ូតា នៅកម្ពុជា បន្ទាប់ពីការសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។

ក្នុងប្រសាសន៍ឆ្លើយតប សម្តេចធិបតីបានសម្តែងការស្វាគមន៍ចំពោះលោក Fujita Ryoji និងគណៈប្រតិភូ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើន នៃក្រុមហ៊ុនតូយ៉ូតា។

សម្ដេចធិបតី បានសម្ដែងនូវការគាំទ្រចំពោះគំនិតផ្ដួចផ្ដើម របស់ក្រុមហ៊ុន លើការបង្កើតសាលាបណ្ដុះបណ្ដាលជំនាញយានយន្តនៅកម្ពុជា ដោយសម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន សហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីពិភាក្សាលម្អិតអំពីការរៀបចំបង្កើតសាលា និងការកំណត់ម៉ូដែលអាជីវកម្ម។

សម្ដេចធិបតីនៅបានលើកទឹកចិត្តដល់ក្រុមហ៊ុន ពិនិត្យលទ្ធភាព ក្នុងការរៀបចំការបណ្តុះបណ្តាលនេះ ឱ្យមានលក្ខណៈទូលំទូលាយ ដោយមិនត្រឹមតែបណ្ដុះបណ្ដាលធនធានមនុស្ស សម្រាប់តែបម្រើការ ក្នុងក្រុមហ៊ុនតូយ៉ូតាប៉ុណ្ណោះទេ ប៉ុន្តែអាចពង្រីកវិសាលភាព នៃការបណ្ដុះបណ្ដាលដល់យុវជនកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃទីផ្សាការងារផ្នែកយានយន្ត ទាំងក្នុង និងក្រៅប្រទេស នាពេលអនាគត។

ads banner