មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បំពេញទស្សនកិច្ច ៤ថ្ងៃនៅជប៉ុន (Video Inside)

មេបញ្ជាការកងទ័ពជើងគោកកម្ពុជានាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ កំពុងបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៤ថ្ងៃ ក្នុងប្រទេសជប៉ុន ដែលដំណើរទស្សនកិច្ចនេះ គឺតបតាមការអញ្ជើញរបស់មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន នាយឧត្តមសេនីយ៍ យ៉ាស៊ូណូរិ ម៉ូរីស៊ីតា។ កម្ពុជា និងជប៉ុន គឺជាប្រទេស នៃ «ភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។

សេចក្តីប្រកាសព័ត៌មានរបស់កងទ័ពជើងគោកបានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរវាងពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា, នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នឹងជួបសម្ដែងការគួរសមជាមួយរដ្ឋមន្ត្រីការពារជាតិ នៃប្រទេសជប៉ុន លោក មិណូរុ ហារ៉ា, ជួបអគ្គសេនាធិការចម្រុះ នៃកងកម្លាំងស្វ័យការពារជប៉ុន គឺនាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៊ីជិ និងជួបពិភាក្សាទ្វេភាគី ជាមួយសមភាគីជប៉ុន គឺនាយឧត្ដមសេនីយ៍ យ៉ាស៊ូណូរិ ម៉ូរីស៊ីតា ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធា រវាងប្រទេសទាំងពីរ សំដៅរួមចំណែកពូនជ្រំ និងជំរុញទំនាក់ទំនង «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ជប៉ុន»។

កងទ័ពជើងគោកកម្ពុជា និងជប៉ុន ក្នុងរយៈពេលកន្លងមក បានសម្រេចនូវសមិទ្ធផលប្រវត្តិសាស្ត្ររួម គឺឯកសារ «លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិកា ររវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងស្វ័យការពារជើងគោកជប៉ុន» ដែលត្រូវបានចុះហត្ថលេខានៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០២៣។

ads banner