ដាំកូនឈើមួយពាន់ដើមនៅបញ្ជាការដ្ឋានរថក្រោះទិសយោធភូមិភាគទី៥
បន្ទាយមានជ័យ៖ កូនឈើចម្រុះចំនួនជាងមួយពាន់ដើមត្រូវបានដាំនៅបញ្ជាការដ្ឋានរថក្រោះប្រចាំទិសយោធភូមិភាគទី៥ នៅស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ។ សកម្មភាពនេះជាការចូលរួមក្នុងពិធីរុក្ខទិវា៩កក្កដា លើកទី២៩ផងដែរ។
ឧត្តមសេនីយ៍ទោ កែវ សេងឡាយ មេបញ្ជាការរងបញ្ជាការដ្ឋានរថក្រោះនិងជាមេបញ្ជាការប្រចាំទិសយោធភូមិភាគ៥បានបញ្ជាក់ថា កាលដើមឡើយទីបញ្ជាការដ្ឋានរថក្រោះទីនេះ ជាតំបន់ភ្នំ។ដោយអនុវត្តនូវគោលនយោបាយព្រៃឈើ និងតាមការផ្សព្វផ្សាយពីក្រសួងបរិស្ថាន ដែលបំផុសនិងជំរុញដល់មហាជន ,កងកម្លាំងដាំដើមឈើឡើងវិញនោះ បញ្ជាការដ្ឋានរថក្រោះទិសយោធភូមិភាគទី៥បានដាំកូនឈើរយដើមនៅជុំវិញទីបញ្ជាការដ្ឋានរាប់រយដើមរួចមកហើយ។សម្រាប់ពេលនេះបានដាំកូនឈើ ចំនួនមួយពាន់ដើមថែមទៀតដើម្បីប្រែក្លាយទីបញ្ជាការដ្ឋានរថក្រោះឱ្យតំបន់បៃតង និងមានបរិស្ថានល្អ។
ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានញ្ជាក់ថា ការដាំកូនឈើថ្ងៃនេះស្របឱកាសរុក្ខទិវាជាតិនាថ្ងៃ៩កក្កដា។ចលនាដាំកូនឈើនេះទៀតសោតជាការស្ដារសម្បទាព្រៃឈើនៅទូទាំងប្រទេស ។ដោយឡែកខេត្តបន្ទាយមានជ័យនឹងធ្វើឱ្យមានធម្មជាតិស្រស់បំព្រង ។
ចំណែកលោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យបានអំនាវឱ្យបន្តចលនាដាំកូនឈើឱ្យក្លាយទៅជាទម្លាប់ការដាំនៅក្នុងសហគមន៍ ឬមូលដ្ឋាន ដោយការស្រឡាញ់ ថែទាំរក្សាការពារដើមឈើ ដែលបានដាំនេះ។
សូមបញ្ជាក់ថា កូនឈើដែលបានយកមកដាំមានប្រភេទ គ្រញូង បេង នាងនួន ច័ន្ទន៍គិរី ក្ងោក ជាដើម។ សរុបចំនួនមួយពាន់ដើម ៕
ដោយ៖ គៀន ច័ន្ទហ៊ីន