កូនអណ្តើកក្អែកដែលជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត បានញាស់នៅមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ
(ភ្នំពេញ)៖ ប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុតមួយប្រភេទនោះ គឺអណ្តើកក្អែក ត្រូវបានក្រុមអ្នកជំនាញធ្វើការបង្កាត់ពូជនៅក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ Angkor Centre for Conservation of Biodiversity (ACCB )ហើយវាបានញាស់គួរឱ្យក្តីរំភើបមួយកាលពីថ្មីៗបំផុតមកនេះ ។
បើយោងតាម មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា អណ្តើកក្អែក ជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជ ដែលមានដើមកំណើតនៅតែក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះ ពួកវាកំពុងប្រឈមនឹងការគំរាមកំហែងមួយចំនួន រួមមានការធ្វើទោហនកម្មសត្វព្រៃ (ការជួញដូរ) សម្រាប់ការប្រើប្រាស់ជាលក្ខណៈជាតិ និងអន្តរជាតិ ការជួញដូរនិងការបាត់បង់ទីជម្រក។
អណ្តើកក្អែក ជា ឧរង្គសត្វពណ៌ខ្មៅសុទ្ធ និងមានស្នាមអុចពពាលពណ៌សមួយចំនួននៅលើផ្ទៃមុខរបស់ពួកវា ហើយត្រូវបានគេស្គាល់ថា Smiling Terrapin ដោយទម្រង់មាត់រាងកោងឡើងលើរបស់ពួកវា។ មេបារបស់កូនអណ្តើកនេះត្រូវបានសង្គ្រោះពីការលក់ដូរដោយខុសច្បាប់នៅតាមចិញ្ចើមថ្នល់ ។
តាមរយៈនៃការជោគជ័យនៃការបង្កាត់កូនអណ្តើតក្អែកនេះដែរមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានឱ្យដឹងថា ៖ វាជាការជោគជ័យក្នុងការបង្កើតនូវចំនួនប្រជាសាស្ត្រ ដែលធានាឱ្យបានសម្រាប់អណ្តើកប្រភេទនេះនៅកម្ពុជា ។
អណ្តើកក្អែកញីពងបានតែមួយ ជួនកាលពីរក្នុងពេលតែមួយ ប៉ុន្តែអាចពងបានដល់ទៅបី ឬបួនដងក្នុងមួយរដូវ ។
គួរបញ្ជាក់ថាអណ្តើកចំនួន ១០ប្រភេទនៅកម្ពុជា ដែលកំពុងរងការគំរាមកំហែង ប្រឈមនឹងការផុតពូជមានដូចជា ៖ អណ្តើកហ្លួង ឬ អណ្តើកសរសៃ (Batagur affinis),អណ្តើកសង្កល់ (Heosemys annandalii),អណ្តើកក្អែក (Siebenrockiella crassicollis),កន្ធាយក្បាលកង្កែប (Pelochelys cantorii),អណ្តើកស្រែ (Malayemys subtrijuga),កន្ធាយអាស៊ី (Amyda cartilaginea),អណ្តើកព្រិច/អណ្តើកភ្នំ (Indotestudo elongata)អណ្តើកមាស/អណ្តើកខ្នាយ (Manouria impressa),អណ្តើកសោម (Heosemys grandis),ល្មិច (Chelonia mydas)ជាដើម៕
ដោយ ៖ ម៉ាដេប៉ូ