សហគ្រិននិស្សិត ២០០នាក់ចូលរួមបង្កើតគំនិតច្នៃប្រឌិតក្នុងកម្មវិធី UnipreneurCamp វគ្គទី១ របស់សហគ្រិនខ្មែរ

ភ្នំពេញ កម្ពុជា – ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២៤ – ចុងសប្តាហ៍នេះ ទិដ្ឋភាពសហគ្រិនភាពនៃរាជធានីភ្នំពេញ មានការចាប់អារម្មណ៍គួរឲ្យកត់សម្គាល់ ដោយសហគ្រិនខ្មែរ បានរៀបចំកម្មវិធី UnipreneurCamp កម្រងទី ១ ដែលជាកម្មវិធីដ៏ល្អមួយក្រោមក្របខណ្ឌកម្មវិធី “សហគ្រិនមហាវិទ្យាល័យ” ដោយជោគជ័យ។ កម្មវិធី Hackathon ប្រព្រឹត្តឡើងក្នុងរយៈពេលបីថ្ងៃជាមួយនឹងសកម្មភាពជាច្រើន ដែលរៀបចំនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បាននាំនិស្សិតចំនួន ២០០ នាក់មកពីសាកលវិទ្យាល័យចំនួន ៧ នៅទូទាំងរាជធានីភ្នំពេញ។ ក្នុងវគ្គទី១នេះ សហគ្រិននិស្សិតចំនួន ៤០ ក្រុមត្រូវបានបង្កើតឡើង ពោរពេញដោយភាពស្វាហាប់ និងការប្រកួតប្រជែង ហើយពួកគេបាន ធ្វើការស្រាវជ្រាវ និងរៀបចំបទបង្ហាញ អំពីគំនិត ដំណោះស្រាយ យ៉ាងល្អឥតខ្ជោះទៅកាន់គណកម្មការវាយតម្លៃ។

កម្មវិធីនេះបានដំណើរការចាប់ពីថ្ងៃសៅរ៍ ទី ៦ ដល់ថ្ងៃចន្ទ ទី ៨ ខែកក្កដា ឆ្នាំ ២០២៤ ដែលមានគោលបំណងបំពាក់បំប៉ន និស្សិតនូវ ជំនាញបច្ចេកទេស និងជំនាញទន់ដែលផ្តល់ជាមូលដ្ឋានគ្រឹះក្នុងការកសាងធុរកិច្ចថ្មី។ និស្សិតទាំងអស់បាន ចាប់យកបទពិសោធន៍ជាសហស្ថាបនិកដោយផ្ទាល់ តាមរយៈការសិក្សាអំពីផ្នត់គំនិតជាសហគ្រិន និងវិធីសាស្ត្រល្អៗ ដូចជា ការរចនាផ្តោតលើអ្នកប្រើប្រាស់ (User-Centric Design) វិធីសាស្ត្របត់បែន (Lean Design) ការតេស្តសាកល្បងគំនិត (Validation) និងការកំណត់គុណតម្លៃ (Value Proposition)។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា «គោលដៅរបស់យើងគឺបង្កើតបរិយាកាសមួយ ដែលផ្តល់ភាពងាយស្រួលសម្រាប់ យុវសិស្សក្នុងការអភិវឌ្ឍ និងធ្វើនវានុវត្តន៍។ តាមរយៈការប្រមូលផ្តុំគំនិតរបស់និស្សិតមកពីមជ្ឈដ្ឋាន និងសាកលវិទ្យាល័យផ្សេងៗគ្នា យើងបានជំរុញស្មារតីសហការ ដែលមានតួនាទីសំខាន់ សម្រាប់ភាពជោគជ័យរបស់សហគ្រិននាពេលអនាគត»។

កម្មវិធី Hackathon នេះបានបញ្ចប់ដោយក្រុមនីមួយៗ ធ្វើបទបង្ហាញជាសាធារណៈក្នុងទម្រង់សម្រាប់អ្នកវិនិយោគ ជាមួយនឹងការធ្វើបទ បង្ហាញ គំរូដំណោះស្រាយរបស់ពួកគេ។ វិធីសាស្រ្តនេះមិនត្រឹមតែអនុញ្ញាត ឲ្សនិស្សិតអនុវត្តចំណេះដឹង ទ្រឹស្តីតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់វេទិកាមួយដើម្បីបង្ហាញពីភាពច្នៃប្រឌិត និងសមត្ថភាពដោះស្រាយបញ្ហារបស់ពួកគេ ផងដែរ។

បណ្ឌិត Kaknika Lin សាកលវិទ្យាធិការរង ផ្នែកអភិវឌ្ឍន៍នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ មានប្រសាសន៍ថា«យើងមានមោទនភាពក្នុងការគាំទ្រគំនិតផ្តួចផ្តើមដូចជា UnipreneurCamp ដែលពង្រឹងសមត្ថភាពនិង ជំនាញ និស្សិតដែលត្រូវការចាំបាច់ ដើម្បីទទួលបានជោគជ័យនៅក្នុងពិភពនៃការចាប់ ផ្តើមធុរកិច្ចថ្មី ដែលមានការវិវឌ្ឍន៍ យ៉ាងលឿន។

ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ របស់យើងក្នុងការជំរុញប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅក្នុង សហគមន៍ឧត្តមសិក្សារបស់យើង។»។
កម្មវិធីនេះបណ្តុះបណ្តាលនិស្សិតឱ្យនទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីអ្វីដែល ត្រូវការចាំបាច់ ដើម្បីក្លាយជាសហគ្រិន ឆ្នើមមួយរូប និង តម្រូវការជាក់ស្តែងដើម្បីប្រែក្លាយគំនិត របស់ពួកគេឱ្យទៅជាអាជីវកម្មដែលអាចដំណើរការបាន។ កម្មវិធីនេះ បានផ្តល់ឱកាសពិសេស សម្រាប់និស្សិត ក្នុងការរៀនពីអ្នកជំនាញ និងមិត្តនិស្សិតផ្សេងៗទៀត។


លោក Rusydi Khairul នាយកប្រតិបត្តិ និងជាសហស្ថាបនិកនៃ Reactor School បានមានប្រសាសន៍ថា «ការប្រារព្ធកម្មវិធី UnipreneurCamp នៅសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ ស្របគ្នាយ៉ាងល្អឥតខ្ចោះ ជាមួយនឹងគោលដៅរបស់យើង ក្នុងការផ្តល់ជូននូវការអប់រំកម្រិតកំពូល ដែលបំពាក់បំប៉ននិស្សិតនូវជំនាញចាំបាច់សម្រាប់ ដោះស្រាយបញ្ហាប្រឈមដែលពួកគេនឹងជួបប្រទះនៅក្នុងសង្គមពិត។ ចំណាប់អារម្មណ៍ ការប្តេជ្ញាចិត្ត និងការចូលរួម យ៉ាងសកម្ម របស់សហគ្រិនវ័យក្មេងដែលបានបង្ហាញក្នុងកម្មវិធីនេះ គឺស្ទើរតែមិនគួរឱ្យជឿ ហើយយើងរំពឹងថា នឹងឃើញគំនិតច្នៃប្រឌិតរបស់ពួកគេ ត្រូវបានអនុវត្តក្លាយជាការពិត»។ UnipreneurCamp កម្រងទី១ ដែលអនុវត្តដោយ Reactor School បានកំណត់ស្តង់ដារខ្ពស់សម្រាប់វគ្គ ដទៃទៀតដែលនឹងរៀបចំឡើងក្នុងសប្តាហ៍បន្តបន្ទាប់ ដែលបង្ហាញពី ឥទ្ធិពលនៃការសហការគ្នាវាងនិស្សិត និងសក្តានុពលរបស់សហគ្រិនវ័យក្មេង។ ព្រឹត្តិការណ៍នេះមិនត្រឹមតែបានបំផុសគំនិតអ្នកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញ ពីសារៈសំខាន់នៃគំនិតផ្តួចផ្តើមដែលតភ្ជាប់ការសិក្សាទ្រឹស្តី និងការអនុវត្តជាក់ស្តែង៕

អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner