ថៃរំពឹងនាំចេញប្រេងដូងឆៅ ៨០ម៉ឺនតោននៅឆ្នាំនេះ
បាងកក៖ ឆមាសទី១ ឆ្នាំ២០២៤ ប្រទេសថៃបាននាំចេញប្រេងដូងឆៅប្រហែល ៤០០,០០០តោន ហើយបានព្យាករណ៍ថា នៅឆមាសទី២ ខ្លួនក៏ទទួលបានបរិមាណដូចគ្នាផងដែរ ពោលគឺក្នុងរយៈពេលពេញមួយឆ្នាំ ២០២៤ នឹងមានចំនួនសរុប ៨០០,០០០តោន ដែលប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ។
តម្លៃប្រេងដូងឆៅនាពេលបច្ចុប្បន្នរបស់ប្រទេសថៃ គឺ៣៣.២៥បាតក្នុងមួយគីឡូក្រាម កើនឡើងពី ៣២.៦៣បាតកាលពីខែមុន ខណៈដែលតម្លៃនៅក្នុងទីផ្សារពិភពលោក គឺ ៣២.៧២បាតក្នុងមួយគីឡូក្រាម កើនឡើងពី ៣១.៣៥បាតកាលពីខែមុន។
តម្រូវការប្រេងដូងឆៅសម្រាប់ការប្រើប្រាស់ក្នុងស្រុកសរុបមានចំនួន ១១០,០០០តោន ហើយ ១២០,០០០តោនសម្រាប់ផលិតជីវឥន្ធនៈ និង ពី៨០០,០០០តោន ទៅ ៩០០,០០០តោនសម្រាប់នាំចេញ ដោយប្រទេសឥណ្ឌាជាទីផ្សារសំខាន់។ ប្រទេសថៃមានស្តុកប្រេងដូងឆៅចំនួន ៣០០,០០០តោន។
នៅក្នុងឆ្នាំ ២០២៤នេះ ផលិតកម្មដូងស្រស់របស់ថៃ ត្រូវបានប៉ាន់ប្រមាណថា មានចំនួន ១៨លានតោន ដែលប្រហាក់ប្រហែលនឹងឆ្នាំមុន ខណៈដែលប្រេងដូងឆៅត្រូវបានគេព្យាករណ៍ថា នឹងមានចំនួន ៣លានតោន៕ ប្រភព៖ បាងកកប៉ុស្តិ៍ ប្រែសម្រួលដោយ៖ ឈឹម ទីណា