រដ្ឋបាលខេត្តបាត់ដំបងបើកវគ្គស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី ខេត្ត ឆ្នាំ២០២៤-២០២៧ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៥
បាត់ដំបង៖រដ្ឋបាលខេត្តបាត់ដំបង និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការសម្របសម្រួលពីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានរៀបចំបើកវគ្គផ្សព្វផ្សាយសារាចរណែនាំ លេខ ០០៧ សហវ. របស់ក្រសួងហិរញ្ញវត្ថុ ដល់អាជ្ញាធរស្រុក-ក្រុងទាំង ១៤បណ្តាមន្ទីរ អង្គភាព ក្នុងខេត្ត មេឃុំ ចៅសង្កាត់ស្មៀនជាពិសេស ជំនួយហិរញ្ញវត្ថុ ឃុំ-សង្កាត់ទាំង១០៣ ឃុំ-សង្កាត់ ស្តីពី៖ការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានីខេត្ត ឆ្នាំ២០២៤-២០២៧ និងនីតិវិធីបច្ចេកទេស នៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៥។
វគ្គដែលប្រារព្ធនៅថ្ងៃទី៩ ខែកក្កដាឆ្នាំ២០២៤ ប្រព្រឹត្តទៅនាសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាព លោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង និងវត្តមាន មន្ត្រីជំនាញបច្ចេកទេសសំខាន់ៗមកពីក្រសួងសេដ្ឋកិច្ច ។
លោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបងបានថ្លែងក្នុងពិធីបើកវគ្គផ្សព្វផ្សាយថាដើម្បីអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសាធារណៈឱ្យមានប្រសិទ្ធិភាព ស្របតាមបែបបទនីតិវិធី និងវិធានច្បាប់ទាំងឡាយត្រូវមានវិន័យក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ដោយម៉ឺងម៉ាត់និងម៉ត់ចត់បំផុត។ដោយក្នុងនោះត្រូវផ្តោតសំខាន់ទៅលើការអនុវត្តចំណូលនិងការអនុវត្តចំណាយថវិកា ។
លោកអភិបាលរងខេត្តបានបញ្ជាក់បន្ថែមថា ចំពោះការអនុវត្តចំណាយ ត្រូវតែគោរពតាមច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ច្បាប់ស្តីពីរបបហិរញ្ញវត្ថុ ច្បាប់លទ្ធកម្មសាធារណៈដោយធ្វើយ៉ាងណា ការអនុវត្តចំណាយត្រូវតែប្រសិទ្ធិភាពចំទិសដៅអាទិភាពពិតប្រាកដមានការសន្សំសំចៃខ្ពស់ស្ថិតក្នុងរង្វង់នៃលទ្ធភាពដែលថវិកាមានទើបដំណើរការគ្រប់គ្រងហិរញ្ញវត្ថុមានប្រសិទ្ធិភាពនិងប្រសិទ្ធផលបានល្អប្រសើរ ហើយទទួលបានសមិទ្ធផលសង្គមជាក់ស្តែងជូនប្រជាពលរដ្ឋ។
លោក អ៊ុយ សុធាវី ក៏បានណែនាំដល់សិក្ខាកាមក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយ ត្រូវខិតខំត្រងត្រាប់ស្តាប់បទឧទ្ទេសនាមពីតំណាងប្រតិភូក្រសួងដែលមានបទពិសោធន៍យូរឆ្នាំនិងស៊ីជម្រៅលើការកសាងផែនការថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលនៅថ្នាក់ក្រោមជាតិ ជាពិសេសអស់លោក លោកស្រីជាប្រធានការិយាល័យក្រុង ស្រុក ក្រុមការងារគាំទ្រថវិកាឃុំ សង្កាត់និងអ្នកពាក់ព័ន្ធ៕
( អត្ថបទ - រូបភាព៖ អ៊ុក សំអាន បប. )