យន្តហោះ Boeing មួយគ្រឿងទៀតហើយ ជ្រុះកង់ពេលហោះឡើង

វ៉ាស៊ីនតោន៖ យន្តហោះ Boeing 757-200 មួយគ្រឿង ដែលជាកម្មសិទ្ធិរបស់ករុមហ៊ុនអាកាសចរណ៍ United Airlines បានជ្រុះកង់ទប់លំនឹងចុះចត ខណៈពេលវាហោះចេញពីព្រលានយន្តហោះអន្តរជាតិ Los Angeles កាលពីព្រឹកថ្ងៃចន្ទទី០៩ ខែកក្កដានេះ។

ក្រុមហ៊ុនអាកាសចរណ៍ United Airlines បានរាយការណ៍ថា យន្តហោះដឹកអ្នកដំណើរ ១៧៤នាក់ និងសមាជិកអាកាសយានិក ៧នាក់មួយគ្រឿង បើទោះបីជាដាច់កង់ទប់លំនឹងចុះចតក៏ដោយ បានចុះចតនៅគោលដៅក្នុងទីក្រុង Denver នៃរដ្ឋ Colorado ដោយសុវត្ថិភាព គ្មាននរណាម្នាក់រងរបួសឡើយ។

ក្រុមហ៊ុនអាកាសចរណ៍ United Airlines បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កង់យន្តហោះត្រូវបានគេរកឃើញនៅក្នុងទីក្រុង Los Angeles ហើយខ្លួនកំពុងស៊ើបអង្កេតពីអ្វីដែលបណ្តាលឱ្យកើតមានបញ្ហានេះ។ ភ្លាមៗរដ្ឋបាលអាកាសចរណ៍សហព័ន្ធក៏បានអះអាងដែរថា ខ្លួនក៏នឹងបើកការស៊ើបអង្កេតលើរឿងនេះផងដែរ។

ឧបទ្ទវហេតុនេះបានរំឮកពីគ្រោះថ្នាក់ស្រដៀងគ្នានេះកាលពីខែមីនា នៅពេលយន្តហោះ Boeing 777-200 របស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines នេះដែរ បានធ្លាក់កង់ចំឡានមួយគ្រឿង ដែលកំពុងចតនៅព្រលាន ហើយបង្កការខូចខាតដល់ឡានជាច្រើនគ្រឿងទៀតដែលស្ថិតនៅក្បែរនោះទៀតផង។ ប៉ុន្តែជាសំណាងល្អ យន្តហោះមួយគ្រឿងបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Los Angeles ដោយសុវត្ថិភាព និងមិនមានអ្នករងរបួសឡើយ៕ ប្រភព៖ ABC NEWS ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner