គណៈមេធាវីកម្ពុជា ចាប់ផ្តើមចុះអនុវត្តន៍ផ្ទាល់នូវគម្រោងមេធាវីដល់មូលដ្ឋានក្នុងខណ្ឌទួលគោកជាទីតាំងទី១ នៃយុទ្ធនាការ

(ភ្នំពេញ)៖ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានផ្តើមដាក់ចុះឱ្យអនុវត្តន៍ផ្ទាល់នូវគម្រោងមេធាវីដល់មូលដ្ឋាន នៅក្រោយពេលប្រកាស កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ កន្លងមក និងបានចាប់ផ្តើមពីខណ្ឌទួលគោក រាជធានភ្នំពេញ ជាចំណុចចាប់ផ្តើមនៃយុទ្ធនាការនេះ។

នេះបើតាមការបញ្ជាក់ពី ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ ដល់អ្នកសារព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកវគ្គបណ្តុះបណ្តាល ផ្សព្វផ្សាយច្បាប់ និងវិជ្ជាជីវៈមេធាវី នៃគម្រោងមេធាវីដល់មូលដ្ឋាន របស់គណៈមេធាវី ដោយសហការជាមួយនិងរដ្ឋបាលខណ្ឌ័ទួលគោក និងដោយមានការអញ្ជើញចូលរួមពីគណៈអភិបាលខណ្ឌ ក្រុមប្រឹក្សាខណ្ឌ ការិយាល័យចំណុះរដ្ឋបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ នាយប៉ុស្តន៍រដ្ឋបាលខណ្ឌ និងក្រុមប្រឹក្សាសង្កាត់ និងមេភូមិ ជាច្រើនរូប ។

ឯកឧត្តម បន្តថា ការរៀបចំនូវគម្រោងមេធាវីដល់មូលដ្ឋាននេះ មានទឹសដៅ ៤ សំខាន់ៗ ក្នុងនោះ៖ ទី១ ចង់ធ្វើការផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី ទី២ សេវាកម្មរបស់មេធាវី ដែលពាក់ព័ន្ធជាមួយនិងការការពារក្តីដល់ជនក្រីក្រ ទី៣ ការផ្សព្វផ្សាយជួយទៅដល់ជនក្រីក្រជាលក្ខណៈទូលំទូលាយរបស់គណៈមេធាវី ទាំងនៅក្នុងរឿងរដ្ឋប្បវេណី ក៏ដូចជារឿងព្រហ្មទណ្ឌ, និងទី៤ ជាការផ្សព្វផ្សាយនូវច្បាប់គោលមួយចំនួន ជាពិសេស គឺទាក់ទងជាមួយនិងផ្នែករដ្ឋប្បវេណីយ និងរឿងព្រហ្មទណ្ឌ ដោយបានផ្សព្វផ្សាយផ្ទាល់ជាមួយនិងមន្រ្តីអាជ្ញាធរមូលដ្ឋាន ដែលជាថ្នាក់ដឹកនាំ នៅក្នុងកម្រិត ក្រុង ស្រុក ខណ្ឌ ក៏ដូចជាកម្រិត ឃុំសង្កាត់ និងភូមិផងដែរ ។

ឯកឧត្តម លី ច័ន្ទតុលា បន្តថា តាមរយៈការផ្សព្វផ្សាយរបស់គណៈមេធាវី អាជ្ញាធរមូលដ្ឋានចាប់ពីកម្រិត ស្រុក ឬថ្នាក់ខណ្ឌចុះទៅនេះ គាត់និងបានដឹងអំពីសេវាកម្មរបស់គណៈមេធាវី ក៏ដូចជាកិច្ចការងារ ដែលបានធ្វើកន្លងមក ជាប្រយោជន៍របស់ប្រជាពលរដ្ឋ សង្គម ហើយជាពិសេសគឺនៅក្នុងការចូលរួមចំណែក អនុវត្តន៍នូវ គោលនយោបាយបញ្ចកោណតំណាក់កាលទី១របស់ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា ។

ឯកឧត្តម លី ច័ន្ទតុលា បាបញ្ជាក់បន្ថែម នៅក្នុងការអនុវត្តន៍គម្រោងមេធាវីដល់មូលដ្ឋាននេះ គណៈមេធាវីក៏បានទទួលនូវការគាំទ្រពីសំណាក់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយបានស្នើរសំឱ្យអាជ្ញាធររាជធានី ខេត្ត ក៏ដូចជាគណៈមេធាវី សហការគ្នា នៅក្នុងការរៀបចំ នូវការបណ្តុះបណ្តាលនេះ។

យោងទៅតាមផែនការបន្ទាប់ គម្រោងមេធាវីដល់មូលដ្ឋាននៅក្នុងខណ្ឌទួលគោក ជាបន្តគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា គ្រោងនិងរៀបចំធ្វើជាបន្តនៅក្នុងខណ្ឌមួយចំនួននៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ធំផងដែរ។

គួរបញ្ជាក់ផងដែរថា នៅក្នុងរយៈពេល៨ឆ្នាំចុងក្រោយនេះ គណៈមេធាវីនៃកម្ពុជា បានចូលរួមចំណែកយ៉ាងច្រើននៅក្នុងការដោះស្រាយបញ្ហា ពិសេសនៅក្នុងវិស័យព្រហ្មទណ្ឌ ជូនទៅដល់ប្រជាពលរដ្ឋ ដែលមានអ្នកពាក់ព័ន្ធជាង៧ម៉ឺននាក់បានទទួលនូវសេវាជំនួយផ្នែកច្បាប់ផងដែរ ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner