លោក ម៉ាក្រុង ច្រានចោលការលាលែងពីតំណែងរបស់នាយករដ្ឋមន្រ្តីបារាំង ដើម្បីព្យាយាមរក្សាស្ថេរភាពនយោបាយ

ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃចន្ទនេះ បានបដិសេធការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីបារាំង ហើយលោកថែមទាំងបានស្នើឱ្យគាត់បន្តធ្វើជាប្រមុខរដ្ឋាភិបាលជាបណ្ដោះអាសន្ន បន្ទាប់ពីលទ្ធផលបោះឆ្នោតសភាបារាំងជុំទី១ និងទី២ដ៏ចម្រូងចម្រាស់ ដែលបានធ្វើឱ្យរដ្ឋាភិបាលកំពុងកាន់អំណាចបច្ចុប្បន្នស្ថិតក្នុងភាពទន់ខ្សោយ។

នាយករដ្ឋមន្ត្រីបារាំង លោក Gabriel Attal បាននិយាយថា រូបលោកនឹងបន្តកាន់តំណែងដដែល ប្រសិនបើចាំបាច់ ប៉ុន្តែលោកបានប្រគល់លិខិតសុំលាលែងពីតំណែងរួចរាល់ហើយនៅព្រឹកថ្ងៃចន្ទនេះ។ ភ្លាមៗ លោក ម៉ាក្រុង ដែលបានតែងតាំងលោក Attal ជានាយករដ្ឋមន្រ្តីបារាំងកាលពី ៧ខែមុននោះ បានសុំឱ្យគាត់បន្តតំណែងរបស់ខ្លួន ដើម្បីធានាស្ថិរភាពនយោបាយរបស់ប្រទេសបារាំង។

គួរបញ្ជាក់ថា សម្ព័ន្ធគណបក្សឆ្វេងនិយម The New Popular Front (NFP) បានឈ្នះអាសនៈភាគច្រើននៅក្នុងការបោះឆ្នោតសភាបារាំងមុនអាណត្តិជុំទី២ កាលពីថ្ងៃអាទិត្យ ទី៧ ខែកក្កដា ដោយបានផ្ដួលគណបក្សស្ដាំនិយមជ្រុល និងសម្ព័ន្ធគណបក្សរបស់លោកប្រធានាធិបតី Emmanuel Macron។

តាមរយៈលទ្ធផលបោះឆ្នោតនេះ គ្មានគណបក្សណាមួយដែលទទួលបានសំឡេងភាគច្រើនដាច់ខាត ក្នុងរដ្ឋសភាបារាំងដែលមានអាសនៈសរុប ៥៧៧ នោះទេ។ ប៉ុន្តែវាបានរុញច្រានបារាំងឱ្យធ្លាក់ចូលក្នុងស្ថានភាពនយោបាយមិនច្បាស់លាស់ ក្នុងការបង្កើតរដ្ឋាភិបាលថ្មីមួយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner