អភិបាលខេត្តកំពង់ធំចូលកាន់តំណែងភ្លាម សមាគមធំៗពីប្ដេជ្ញាចូលរួមអភិវឌ្ឍវិស័យអាទិភាពទាំង៧ក្នុងខេត្ត

កំពង់ធំ៖ សមាគមធំៗចំនួនពីរ គឺសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជានៅថ្ងៃទី៩ ខែកក្កដានេះ បានចូលជួបសម្ដែងការគួរសមនិង អបអរសាទរចំពោះឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ។ថ្នាក់ដឹកនាំនៃសមាគមទាំងពីរបានប្ដេជ្ញាសហការជាមួយអាជ្ញាធរខេត្តកំពង់ធំ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យអាទិភាពរបស់ខេត្ត។
គួរជម្រាបថាឯកឧត្តម នួន ផារ័ត្ន ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ជាអភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ហើយនាថ្ងៃទី៨ ខែកក្កដា ឯកឧត្តម នួន ផារ័ត្ន ក៏ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលខេត្តកំពង់ធំជាផ្លូវការ។
នាឱកាសនោះ ឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកនៃសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ក៏បានបង្ហាញការប្ដេជ្ញាចិត្តបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធជាមួយលោកអភិបាលខេត្តថ្មី អាជ្ញាធរគ្រប់ជាន់ថ្នាក់នៅទូទាំងខេត្តកំពង់ធំ ដើម្បីរួមចំណែកធ្វើឱ្យវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធបន្តការរីកចម្រើនថែមទៀត។ ឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព បានសង្កត់ធ្ងន់លើវិស័យអាទិភាពមួយចំនួន ដូចជា កសិកម្ម កសិឧស្សាហកម្ម សុខាភិបាល ទេសចរណ៍ អាជីវកម្ម (អាជីវករតាមផ្សារ តាមផ្លូវ និងមូលដ្ឋានផ្សេងៗ) វិនិយោគ ក៏ដូចជាការងារពាក់ព័ន្ធនឹងយុវជន។

លោកសមូហកបណ្ឌិត ឡី សុភាព ក៏បានប្ដេជ្ញាខិតខំអនុវត្តតាមការលើកទឹកចិត្តរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជំរុញឱ្យវិស័យឯកជនខិតខំកៀរគរវិនិយោគជាតិ-អន្តរជាតិមកបណ្ដាក់ទុកវិនិយោគអភិវឌ្ឍនៅមូលដ្ឋានខេត្តកំពង់ធំ ដែលមានសក្ដានុពលលើវិស័យអាទិភាពខាងលើនោះ។

លោកប្រធានបានសម្ដែងនូការកោតសរសើរចំពោះថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ធំ មន្ទីរ អង្គភាព និងអាជ្ញាធរគ្រប់ជាន់ថ្នាក់នៅក្នុងខេត្តកំពង់ធំ ដែលរក្សាបាននូវសាមគ្គីផ្ទៃក្នុងបន្តកិច្ចការអភិវឌ្ឍជូនប្រជាជន ធ្វើឱ្យវិស័យឯកជនរីករាយក្នុងការចូលរួមក្នុងកិច្ចអភិវឌ្ឍនេះ។

សមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា គឺជាសមាគមដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលសមាគមទាំងនេះមានថ្នាក់ដឹកនាំ មានសមាជិក-សមាជិកគ្រប់រាជធានី-ខេត្តនៅទូទាំងប្រទេសកម្ពុជា ក៏ដូចជាកម្លាំងយុវជនសេដ្ឋកិច្ចក៏ច្រើនគួរសម ពិសេសការចូលរួមរបស់សមាគមទាំងនេះ គឺជាសញ្ញាដ៏ល្អនៃកិច្ចសហការជាមួយអាជ្ញាធររាជធានី-ខេត្តនីមួយៗ៕
ដោយៈ ប៊ុន រដ្ឋា

ads banner