ប្រធានរដ្ឋវៀតណាម គ្រោងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ ២ថ្ងៃ នៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋវៀតណាម នឹងបំពេញទស្សនកិច្ចផ្លូវ រដ្ឋនៅ កម្ពុជា រយៈពេល ពីរថ្ងៃ ក្នុងសប្តាហ៍នេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុង ជ្រោយ ដើម្បីផលប្រយោជន៍ នៃប្រជាជនទាំងពីរ ។ នេះបើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបទេស បានឲ្យដឹងថា តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជា ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅ កម្ពុជា នៅថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២៤ ។

ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ ឯកឧត្តម តូ ឡឹម នឹងចូលក្រាបបង្គំគាល់ និងព្រះរាជសវនា ការដាច់ដោយឡែកជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។

ឯកឧត្តមប្រធានរដ្ឋ តូ ឡឹម គ្រោងនឹងជួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ខណៈជំនួបទាំងនេះ ត្រូវបានរំពឹងថា នឹងគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍ នៃប្រជាជនទាំងពីរ ។

ឯកឧត្តមប្រធានរដ្ឋ គ្រោងនឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ នៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងនៅមណ្ឌបមិត្តភាពកម្ពុជា-វៀតណាម ។ ឯកឧត្តម តូ ឡឹម ក៏គ្រោងនឹងទទួលការចូលជួបសម្តែងការគួរសមពីសម្តេចកិត្តិ សង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាមផងដែរ ។

គួរជម្រាបថា ឯកឧត្តម តូ ឡឹម ជាអតីតរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីខែឧសភា ឆ្នាំ២០២៤ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner