ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត អញ្ចើញប្រកាសតែងតាំងឯកឧត្តម សុខ សូកាន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគីរីវង់
(តាកែវ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ កាលពីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគីរីវង់ ដែល ឯកឧត្តម សុខ សូកាន ជាប្រធាន។ ពិធីប្រកាសនេះធ្វើឡើង ដោយមានការអញ្ជើញចូលរួមពី សមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ប្រធាន អនុប្រធាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគីរីវង់ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់សរុបប្រមាណ ៤២០នាក់ ។
មានប្រសាសន៍នៅក្នុងពិធីនេះ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត មានប្រសាសន៍ ជំរុញដល់ក្រុមការងារចុះមូលដ្ឋានទាំងអស់ ត្រូវធ្វើការពិភាក្សាគ្នាដើម្បីពិនិត្យមើលចំណុចខ្លាំង ចំណុច ខ្សោយធ្វើការកំលម្អការងារ ដើម្បីទទួលបានជោគជ័យនាពេលខាងមុខ។
ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បន្ថែមថា រដ្ឋាភិមានការប្តេជ្ញាចិត្តខ្ពស់ ជាពិសេសថ្នាក់ដឹកនាំកំពូល តាមរយៈនេះ រដ្ឋាភិបាលថ្មី និងមានការអភិវឌ្ឍន៍កាន់តែខ្លាំងឡើង ដោយឈរលើមូលដ្ឋានដែលមានកន្លងមកហើយ ។
ឯកឧត្តម បញ្ជាក់បន្តថា ការចេញដំណើរនៅឆ្នាំ២០២៤នេះ គឺជាការកែទម្រង់លើចំណុចដែលប៉ះពាល់ទៅដល់ប្រជាពលរដ្ឋ ជាពិសេសគឺការកែទម្រង់ការអប់រំ សុខាភិបាល ការកែទម្រង់រដ្ឋបាលសាធារណៈ ក៏ដូចជាការជំរុញផ្តល់សេវាសាធារណៈឱ្យកាន់តែល្អ ។
ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានជំរុញដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគីរីវង្ស ក៏ដូចជា ឃុំត្រូវបើកវេទិការសារធារណៈ ដើម្បីបានស្វែងយល់ពីសំណូម បញ្ហា ក៏ដូចជាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីធ្វើការដោះស្រាយ នៅក្នុងកម្រិតឃុំ ស្រុក ខេត្ត និងបន្តទៅក្រសួងស្ថាប័នពាក់ព័ន្ធ ទៅតាមលទ្ធភាព កម្រិតការងារដែលខ្លួនទទួលខុសត្រូវដើម្បីដោះស្រាយ។
ឯកឧត្តម សុខ សូកាណ ដែលត្រូវបានប្រកាសជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកគីរីវង្ស ខេត្តតាកែវ បានធ្វើការប្តេជ្ញាចិត្តខ្ពស់ នៅក្នុងការបម្រើប្រជាជន ក៏ដូចជាខិតខំអភិវឌ្ឍន៍សួនវប្បធម៌សម្តេចវិបុលបញ្ញា សុខ អាន គីរីវង្ស ដែលនិងចូលរួមចំណែកនៅក្នុងការជម្រុញវិស័យទេសចរណ៍ មួយកម្រិតបន្ថែមទៀត ស្របតាមសេចក្តីប្រាថ្នារបស់សម្តេ ទៅលើការជំរុញវិស័យអប់រំ និងវិស័យវប្បធម៌ ដែលជាបេសកកម្មសំរាប់ជាតិ និងមាតុភូមិ ។
ឯកឧត្តម បន្តថា ទឹសដៅអាទិភាពដែលក្រុមការងារចុះជួយមូលដ្ឋានស្រុកគីរីបានដាក់ចេញក្នុងនោះមាន ការពង្រឹងរបៀបរបបការងារ ផែនការសកម្មភាពនៅតាម ឃុំនីមួយៗឱ្យបានច្បាស់លាស់នឹងទៀងទាត់ ដោយចូលរួមសហការជាមួយនិងអាជ្ញាធរមូលដ្ឋាន ដោយរៀបចំកិច្ចប្រជុំទៀងទាត់ ដើម្បីស្តាប់នូវរបាយការណ៍លទ្ធផលការងារ និងបញ្ហាប្រឈម តម្រូវការចាំបាច់ និងសំណូមពរនានា របស់ប្រជាពលរដ្ឋ ដោយនិងធ្វើការដោះស្រាយទៅតាមលំដាប់ថ្នាក់ដែលអាចដោះស្រាយបាន ។
ការពង្រឹងរក្សាសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានពេញលេចញជូនប្រជាពលរដ្ឋនៅទូទាំងស្រុក ទៅលើការចាត់វិធានការយ៉ាងតឹងរឹងចំពោះសកម្មភាពណាមួយ ដូចជាលូច ឆក់ប្លន់ និងក្មេងទំនើង ការប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសង ជាដើម ។ ពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ត្រូវតែជារឿងសំខាន់ និងអាទិភាពខ្ពស់ ដោយឯកឧត្តម លើទឹកចិត្តដល់ក្រុមការងារទាំងអស់ ប្តូរផ្តាច់ទាំងស់ក្នុងការកែទម្រង់ស៊ីជម្រៅ ៕
អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា