បារាំងបង្កើតចំណតអណ្តែតទឹកសម្រាប់តាក់ស៊ីហោះ
ប៉ារីស៖ រដ្ឋាភិបាលបារាំងកាលពីថ្ងៃអង្គារ បានផ្តល់ការអនុញ្ញាតឱ្យបន្តសាងសង់ចំណតអណ្តែតទឹកនៅទន្លេសែន សម្រាប់តាក់ស៊ីហោះ ដែលនឹងត្រូវហោះបង្អួតរាង ក្នុងអំឡុងពេលកីឡាអូឡាំពិកទីក្រុងប៉ារីស។
ក្រឹត្យផ្លូវការមួយបានបញ្ជាក់ថា ចំណតអណ្តែតនេះ នឹងដាក់ឱ្យប្រើប្រាស់រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ ចំណតអណ្តែតនៅលើទន្លេសែននេះ ស្ថិតនៅក្បែរស្ថានីយ៍រថភ្លើង Austerlitz ភាគអាគ្នេយ៍នៃទីក្រុងប៉ារីស។
ក្រុមហ៊ុនឯកជនដែលចូលរួមក្នុងគម្រោងតាក់ស៊ីហោះហើរ រួមមានប្រតិបត្តិករអាកាសយានដ្ឋានប៉ារីស ADP និង Volocopter ដែលមានមូលដ្ឋាននៅអាល្លឺម៉ង់។ តាក់ស៊ីហោះ Volocity នេះ មាមកៅអីអង្គុយសម្រាប់មនុស្សពីរនាក់ ដើរដោយថាមពលអគ្គិសនី។
ក្រុមហ៊ុនទាំងពីរបានសង្ឃឹមថា នឹងប្រើប្រាស់ការចាប់ឆ្នោតជាសកលនៃកីឡាអូឡាំពិក ដើម្បីបង្ហាញថា បច្ចេកវិទ្យាអាចភ្ជាប់ទីតាំងចុះចត និងចុប្រកបដោយប្រសិទ្ធភាព។
អ្នកគាំទ្រលើកឡើងថា តាក់ស៊ីហោះជាទម្រង់អាកាសចរណ៍កាបូនទាប ហើយសង្ឃឹមថា នឹងមានកំណែធំជាងនេះនៅពេលអនាគត អាចត្រូវបានប្រើជារថយន្តសង្គ្រោះ ឬក្នុងតួនាទីផ្សេងទៀត។ ប៉ុន្តែមន្ត្រីទីក្រុងជាច្រើនក្នុងទីក្រុងប៉ារីស បានចំអកផែនការនេះថា មានគ្រោះថ្នាក់ដល់បរិស្ថាន។
អាជ្ញាធរបរិស្ថានជាតិរបស់ប្រទេសបារាំងបានរកឃើញថា ការវាយតម្លៃពីផលប៉ះពាល់សម្រាប់បន្ទះចុះចត គឺ “មិនពេញលេញ” រួមទាំងការបំពុលដោយសំឡេង, ការប្រើប្រាស់ថាមពល និងការបំភាយផ្ទះកញ្ចក់។
តាក់ស៊ីហោះនេះទៀតសោត នៅពុំទាន់ទទួលស្គាល់ពីទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍របស់សហភាពអឺរ៉ុប (EASA) ទេ មានន័យថា ប្រតិបត្តិករអាចផ្តល់ជូនការហោះហើរដោយឥតគិតថ្លៃ តែក្នុងកីឡាអូឡាំពិកទីក្រុងប៉ារីស៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា