គ្រាប់ស្វាយចន្ទីស្រស់នាំ ចេញទៅកាន់ប្រទេសវៀតណាមថយចុះ ខណៈការកែច្នៃគ្រាប់ចន្ទីនៅកម្ពុជាកើនឡើង
(ភ្នំពេញ)៖ ដំណាំគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជាដែលនាំចេញទៅក្រៅប្រទេសកន្លងមក គឺបាននាំទៅកាន់ប្រទេសវៀតណាមច្រើនជាងគេ ប៉ុន្តែបច្ចុប្បន្នការនាំចេញនេះបានធ្លាក់ចុះបន្តិចវិញ ក្រោយពីពេលដែលការកែច្នៃក្នុងស្រុកកើនឡើងរួចមក ។
ថ្លែងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននាថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ជំទាវ អ៊ឹម រចនា មន្រ្តីនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ៖ កាលពីមុនមកនេះគ្រាប់ស្វាយចន្ទីឆៅនៅកម្ពុជានាំចេញក្រៅប្រទេសស្ទើរតែ៩៩ភាគរយទៅហើយ ដោយក្នុងចំណោមនេះគ្រាប់ស្វាយចន្ទីនាំទៅកាន់ប្រទេសវៀតណាមច្រើនជាងគេ ។ សម្រាប់នាពេលបច្ចុប្បន្ននេះដែរការនាំចេញគ្រាប់ស្វាយចន្ទីស្រស់មានប្រមាណ ៩០ភាគរយ ទាំងនេះដោយសារថាការកែច្នៃគ្រាប់ផ្លែចន្ទីស្រស់នៅក្នុងស្រុកមាន និន្នការកាន់តែកើនឡើង។
លោក ជំទាវ អ៊ឹម រចនា បានថ្លែងថាក្រសួងកសិកម្មចង់បានការកែច្នៃគ្រាប់ចន្ទីស្រស់ និងគ្រាប់ស្វាយចន្ទីឆៅក្នុងស្រុកឱ្យទៅជាផលិតផលសម្រេចដើម្បីនាំចេញទៅក្រៅប្រទេស។ ក្រសួងត្រូវការក្រុមហ៊ុនវិនិយោគកើនឡើង ជាមួយគ្នានេះការកែច្នៃនាំចេញនេះដែរគឺនឹងនាំមកនូវប្រាក់ចំណូលដល់ប្រជាកសិករ ដល់សហគ្រាស ហើយយន្តការមួយនេះគឺជាការចង់បានរបស់ក្រសួងកសិកម្ម។
លោកជំទាវ បានថ្លែងបញ្ជាក់បន្ថែមថា”ការកែច្នៃគ្រាប់ចន្ទីស្រស់ និងគ្រាប់ចន្ទី ឆៅ ឱ្យទៅជាផលិតផលសម្រេច ហើយនាំចេញទៅក្រៅប្រទេស ការវិនិយោគទៅលើការកែច្នៃនេះ គឺមានសារៈសំខាន់ទាល់តែមែនទែនក្នុងការបង្កើនតម្លៃបន្ថែមសម្រាប់ផលិតផលផ្លែចន្ទី តម្លៃបន្ថែមនេះហើយគឺផ្តល់ផលចំណេញបន្ថែមរបស់ប្រជាកសិករលើការដាំដុះ ហើយនិងមុខមាត់របស់ផលិតផលរបស់កម្ពុជាលើឆាកអន្តរជាតិ”។
គួរបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះបញ្ជីការពារពូជស្វាយចន្ទីចំនួន ៤ ប្រភេទ រួមមានពូជចន្ទី M-23,ពូជ M-10 ពូជ IM-4 និងពូជ H-09 ដែលអ្នកជំនាញខាងដំណាំស្វាយចន្ទីនៅកម្ពុជា បានរកឃើញ ដោយសមាគមស្វាយចន្ទីកម្ពុជា បញ្ជាក់ថា ពូជទាំងនេះ ជាពូជចន្ទីដ៏មានតម្លៃរបស់កម្ពុជា ។
បើតាមសមាគមស្វាយចន្ទីកម្ពុជា បច្ចុប្បន្ននេះ កម្ពុជា បានរកឃើញពូជស្វាយចន្ទីចំនួន ៧ ប្រភេទ រួមមាន៖ M-1 ឬ SM-1, M-23, IM-4, M-10,H-09, IM-7និងពូជ SAN-1។ ក្នុងចំណោមពូជទាំងនេះ ពូជ M23 មានការដាំដុះច្រើនជាងគេគឺប្រមាណ ៧០ ភាគរយ ពូជ H09 ១០ ភាគរយ ពូជ M1 ៥ ភាគរយ និងពូជ M10 ៥ ភាគរយ ក្រៅពីនេះ មានដាំដុះពូជដូនតា រួមនឹង ពូជនាំចូលពី វៀតណាម ១០ភាគរយផងដែរ។
សម្រាប់ផ្ទៃដីដែលសមស្របក្នុងការដាំដំណាំស្វាយចន្ទីនៅកម្ពុជាមានប្រមាណ២,៣៨លានហិកតា។ក្នុងខណៈផ្ទៃដីសមស្របជាមួយការដាំដំណាំកសិកម្មជាង ៣លាន២សែនហិកតា។ក្រៅពីនេះដំណាំផ្លែចន្ទីមានជិត ៧០ម៉ឺនហិកតាត្រូវបានដាំដុះនៅក្នុងចំណោមផ្ទៃដីកសិកម្មជាង៣លាន២សែនហិកតានេះ។
គួររំលឹកថាបើយោងតាមទិន្នន័យសមាគមស្វាយចន្ទីកម្ពុជាឱ្យដឹងថា ក្នុងឆ្នាំ ២០១៩ កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីប្រហែល ៦០ ម៉ឺនតោន, ក្នុងឆ្នាំ ២០២០ ចំនួន ៩៥ ម៉ឺនតោន ឆ្នាំ ២០២១ ចំនួន ១,១ លានតោន ឬប្រមាណ២៤ ភាគរយនៃការនាំចេញសរុបលើពិភពលោក ,ឆ្នាំ ២០២២ ចំនួន ៦៧ ម៉ឺនតោន,នៅឆ្នាំ២០២៣ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិចំនួនជាង ៦៥ម៉ឺនតោន ទទួលចំណូលប្រមាណ ៨៣៧លានដុល្លារ ថយចុះប្រមាណជាង ១០ភាគរយ ។ បច្ចុប្បន្នគ្រាប់ស្វាយចន្ទីស្ងួតមានតម្លៃក្នុងរង្វង់ ១ ៩០០ដុល្លារ ក្នុង ១ តោន រីឯគ្រាប់ស្វាយចន្ទីកែច្នៃរួចអាចមានតម្លៃប្រហែល ៨ ០០០ ដុល្លារ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនាកន្លងមកថ្មីៗនេះថា ស្វាយចន្ទីជាដំណាំឧស្សាហកម្មដែលមានសារៈសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ក្នុងចំណោមនេះស្វាយចន្ទី បានជាប់ចំណាតថ្នាក់លេខ ៣ ជាកសិផលនាំចេញក្រៅប្រទេសច្រើនជាងគេ បន្ទាប់ពីដំណាំស្រូវ និងដំណាំដំឡូងមី ៕
ដោយ៖ម៉ាដេប៉ូ