ឯកឧត្តម ហ៊ុន ម៉ានី៖ ព្រឹត្តិការណ៍ Davis Cup នាពេលនេះ ប្រព្រឹត្តទៅក្នុងខណៈកម្ពុជា កំពុងរីករាយជាមួយសន្ដិភាព និងស្ថេរភាព

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារ សាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​(ស.ស.យ.ក)ចាត់ទុកការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍វាយកូនបាល់ពិភពលោក Davis Cup Asia/Oceania Group IV ឆ្នាំ២០២៤ គឺជាឱកាសមួយ ដើម្បីបង្ហាញឲ្យប្រតិភូ និងភ្ញៀវអន្ដរជាតិ ដឹងថា កម្ពុជាមកដល់ទីណាហើយ។

ឯកឧត្តម ឧបនាយរដ្ឋ បានគូសបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ Davis Cup នាពេលនេះ ប្រព្រឹត្តទៅក្នុងខណៈកម្ពុជា កំពុងរីករាយជាមួយសន្ដិភាព និងស្ថេរភាព ដែលជាផ្លែផ្កានៃនយោបាយឈ្នះឈ្នះ បានអនុញ្ញាតឲ្យកម្ពុជា ធ្វើការអភិវឌ្ឍលើគ្រប់វិស័យជាបន្ដបន្ទាប់ ក្នុងនោះវិស័យអប់រំកាយ និងកីឡា គឺជាវិស័យអាទិភាពមួយ ដែលរាជរដ្ឋាភិបាលកម្ពុជា តែងយកចិត្តទុកដាក់ និងបន្ដអភិវឌ្ឍន៍ឥតឈប់ឈរ ទាំងផ្នែកធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ ។

ការថ្លែងរបស់ឧបនាយករដ្ឋ មន្រ្តី ហ៊ុន ម៉ានី បានធ្វើឡើង ក្នុងឱកាសអញ្ជើញជាអធិបីភាពក្នុងពិធីបើកការប្រកួតផ្លូវការ នៃព្រឹត្តិការណ៍វាយកូនបាល់ពិភពលោក នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ អមដំណើរដោយ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ហើយក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងទស្សនិកជនជាច្រើនផងដែរ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា ភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ក៏ជាឱកាសមួយ សម្រាប់ប្រតិភូកីឡា និងភ្ញៀវអន្ដរជាតិទាំងអស់ អាចមើលឃើញថា កម្ពុជាបានមកដល់ណាហើយ។ តើកម្ពុជាបច្ចុប្បន្នមានលក្ខណៈដូចម្ដេច? ជាពិសេសការប្រកួត ការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្ដៅ និងភាពរួសរាយរាក់ទាក់របស់ក្រុមការងារ និងប្រជាជនកម្ពុជា ដែលទាំងអស់នេះហើយ សុទ្ធសឹងជាសក្ដានុពលរបស់កម្ពុជា» ។

ឯកឧត្តម បន្ថែមទៀតថា ប្រាកដណាស់ ការប្រកួត Davis Cup នឹងបញ្ចប់នៅថ្ងៃទី១៣ ខែកក្កដា ក៏ប៉ុន្ដែ យើង មានជំនឿចិត្ត និងសុទិដ្ឋិនិយម រយៈពេលនៃការស្នាក់នៅ និងប្រកួតនៅកម្ពុជា នឹងក្លាយជាអនុស្សាវរីយ៍ និងការចងចាំសម្រាប់ទាំងអស់គ្នា ហើយស្ថិតនៅក្នុងចិត្តជានិច្ច ក្រោមស្មារតី Beyond The Games ។ ដូច្នេះក្នុងនាមម្ចាស់ផ្ទះ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះប្រតិភូកីឡាគ្រប់បណ្ដាប្រទេស ដែលបានចូលរួមការប្រកួតវាយកូនបាល់ពិភពលោកលើកដំបូងនៅកម្ពុជានេះ ។

សូមបញ្ជាក់ថា ការប្រកួត Davis Cup Asia/Oceania Group IV ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១០-១៣ ខែកក្កដា ឆ្នាំ២០២៤ ដោយពហុកីឡដ្ឋានជាតិមរតកតេជោ និងបើកឲ្យមហាជនចូលទស្សនាដោយសេរី ។ ការប្រកួតនេះ មាន ៨ក្រុមចូលរួម និងបែងចែកជា ២ពូល ក្នុងនោះក្រុមម្ចាស់ផ្ទះកម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុមភ្ញៀវគុយវ៉ែត អ៊ីរ៉ាក់ និងមីយ៉ាន់ម៉ា ខណៈពូលA មានក្រុមកៀហ្ស៊ីស៊ីស្ថាន ស្រីលង្កា អារ៉ាប់រួម និងកាតា ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner