កសិករម្នាក់ កំពុងទទួលផលពីការដាំបន្លែសរីរាង្គចម្រុះ ក្រោយចាយពេល ៣ឆ្នាំ លើការអនុវត្តតាមបែបកសិអេកូឡូស៊ី

(បាត់ដំបង)៖ ដោយយល់ពីផលប៉ះពាល់អវិជ្ជមាន នៃការអនុវត្តកសិកម្មដោយពឹងផ្អែកច្រើនលើកសិកម្មគីមី លោក ស៊ិន ស៊ីវនឿត បានក្លាយជាកសិករគំរូ ក្នុងការអនុវត្តដាំបន្លែសរីរាង្គចម្រុះ នៅក្នុងភូមិកំពង់សីមា ឃុំវត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោយរូបលោកបានចំណាយពេលវេលាសិក្សា និងដកពិសោធន៍ ក្នុងការកែប្រែដីដែលធ្លាប់ប្រើប្រាស់ជីគីមី មកជាដីដាំដុះដោយប្រើប្រាស់ជីធម្មជាតិទៅលើផលដំណាំដោយជោគជ័យ ។

គួរបញ្ជាក់ផងដែរថា កសិអេកូឡូស៊ី គឺជាប្រព័ន្ធផលិតកម្មកសិកម្ម និងស្បៀងអាហារសម្រាប់ទ្រទ្រង់ជីវិតរស់នៅរបស់មនុស្ស និងរក្សាបាននូវគុណភាពបរិស្ថានល្អប្រសើរ។ ការធ្វើកសិកម្មតាមលក្ខណៈបែបនេះ ផ្តល់នូវតម្លៃដល់ជីវចម្រុះ និងដំណើរប្រព្រឹត្តទៅនៃ ប្រព័ន្ធអេកូឡូស៊ីធម្មជាតិ ហើយទាក់ទាញចំណាប់អារម្មណ៍សាធារណជន តាមរយៈលើកកម្ពស់អធិបតេយ្យភាពស្បៀងអាហារ បង្កើតទីផ្សារក្នុងតំបន់ និងកសិកម្មខ្នាតតូច។ កសិអេកូឡូស៊ីនេះ ត្រូវបានកសិករ ស៊ិន ស៊ីវនឿត អនុវត្តដាំដំណាំសរីរាង្គចម្រុះដោយប្រើជីកំប៉ុស្តគោក លើផ្ទៃដីប្រមាណ៣០អា ដោយក្នុងមួយថ្ងៃ អាចរកកម្រៃបានពីការលក់បន្លែសរីរាង្គចន្លោះ ១០ម៉ឺនរៀល ។

លោក ស៊ិន សីវនឿត បានអនុវត្តនូវកសិអេកូឡូស៊ី ដោយប្រែក្លាយដីហិរ ឬពុលដោយថ្នាំ និងជីគីមី តាំងពីឆ្នាំ២០១៩ រហូតអនុវត្តបានជោគជ័យនៅឆ្នាំ២០២១ លើការដាំដំណាំឈើហូបផ្លែ និងបន្លែសរីរាង្គចម្រុះមានដូចជា៖ ប្រភេទស្ពៃគ្រប់មុខ សណ្ដែកទ្រើង ត្រាប់វែងជាដើម ។

នេះបើតាមការរៀបរាប់របស់លោក ស៊ិន ស៊ីវនឿត ដែលផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានក្នុងឱកាសចុះទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយពីចំណេះដឹងនៃការអនុវត្តកសិអេកូឡូស៊ីនៅខេត្តបាត់ដំបង ដឹកនាំដោយបណ្តាញកសិអេកូឡូស៊ីកម្ពុជា (ALiSEA) និងសមាគមនិរន្តរភាពដីដើម្បីជីវិត(SSLA) ក្រោមកិច្ចសម្របសម្រួលពីអង្គការហ្រ្កេត(GRET)របស់ប្រទេសបារាំង កាលពីចុងសប្តាហ៍កន្លងទៅនេះ។

កសិកររូបនេះបញ្ជាក់ឱ្យដឹងថា ការលពីរៀងបច្ចេកទេសដំបូងឡើយយកទៅអនុវត្ត មិនទាន់បានល្អ ១០០ភាគរយដែរ ដោយសារការរៀនទ្រឹះស្តី និងការអនុវត្តជាក់ស្តែងវាមានការលំបាកច្រើន។លោកបន្តថា ដោយសារនៅតែតស៊ូធ្វើ ដោយរកបច្ចេកទេសបន្ថែម ពីបណ្តាញសង្គម ទើបអាចធ្វើបានជោគជ័យ។

មន្ត្រីគម្រោងនៃសមាគមនិរន្តរភាពដីដើម្បីជីវិត(SSLA) លើកទឹកចិត្តដល់កសិករផ្សេងទៀត ចូលរួមអនុវត្តកសិកម្មតាមបែបអេកូឡូស៊ី ដែលជួយទាំងធ្វើឱ្យប្រសើរឡើងនូវសុខភាពដី បង្កើនទិន្នផល សុវត្ថិភាពស្បៀង និងជួយទាំងថែរក្សាបរិស្ថាន ខណៈក្នុងគម្រោងទើបតែមានចំនួន ១០គ្រួសារប៉ុណ្ណោះ ដែលអនុវត្តកសិអេកូឡូស៊ី។

លោក ប៉ាត់ សុវណ្ណ មន្ត្រីអង្គការហ្រ្កេត(GRET)ប្រចាំនៅកម្ពុជា បានឱ្យដឹងថា គម្រោងកសិអេកូឡូស៊ី ធ្វើនៅលើ៤ មានកម្ពុជា ស្ថិតក្នុងចំណោមប្រទេសចំនួន៣ទៀត គឺឡាវ វៀតណាម និងមីយ៉ាន់ម៉ា ដែលមានទទួលជំនួយទាំងថវិកា និងបច្ចេកទេស សម្រាប់អនុវត្តកម្មវិធីកសិអេកូឡូស៊ី។

ប្រទេសខាងលើនេះ ក្នុងកញ្ចប់ថវិកាជាង ១១លានអឺរ៉ូ ក្នុងនោះសម្រាប់គម្រោងដែលដាក់ឱ្យអនុវត្តនៅក្នុងប្រទេសកម្ពុជា តាមរយៈការបែងចែកទៅតាមស្ថាប័ន អង្គការ សមាគមនានា មានចំនួនសរុបជាង២លានអឺរ៉ូ។ កម្មវិធីនេះ សម្រាប់លើកកម្ពស់ការយល់ដឹងដល់កសិករ លើការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព កាត់បន្ថយការប្រើប្រាស់សារធាតុគីមី ដែលរក្សាបាននូវសុវត្ថិភាពស្បៀង លើកកម្ពស់ស្ថាន និងការចូលរួមថែរក្សាបរិស្ថាន។ ម្ចាស់ជំនួយលើគម្រោងនេះ មានដូចជា៖ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) សហភាពអឺរ៉ុប(EU), និង មូលនិធិបារាំងសម្រាប់បរិស្ថានសកល(FFEM)។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់អប្សរាថាប្រព័ន្ធជីវៈចម្រុះនិងធម្មជាតិមានសារៈសំខាន់ សម្រាប់ជីវិតនៅលើផែនដី។

សកម្មភាពកសិកម្មអេកូឡូស៊ីមានសារៈសំខាន់កាន់តែខ្លាំងណាស់ នាពេលបច្ចុប្បន្ននេះ ដើម្បីកែតំរូវស្ថានភាពនេះនិងធ្វើអោយមានតុល្យភាពអេកូឡូស៊ីធម្មជាតិ។ ម្យ៉ាងវិញទៀត ការធ្វើកសិកម្មអេកូឡូស៊ី ដាំដំណាំចម្រុះ តាមបែបធម្មជាតិ នៅជុំវិញផ្ទះ ឬមូលដ្ឋាន ក៏ជួយអភិរក្សដីឱ្យមានជីជាតិ ជារៀងរហូតផងដែរ ហើយជួយពង្រឹងទំនាក់ទំនងគ្នាទៅវិញទៅមកនៃប្រព័ន្ធស្បៀងអាហារ និងការថែរក្សាធនធានធម្មជាតិនិងបរិស្ថាន ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner