រដ្ឋបាលខេត្តរតនគិរីលែងកូនត្រី និងត្រីមេពូជចម្រុះបីម៉ឺនក្បាលនៅទំនប់អាងវារីអគ្គិសនីអូរជុំ

រតនគិរី៖ កូនត្រីចម្រុះ និងត្រីមេពូជចម្រុះជាច្រើនប្រភេទចំនួនបីម៉ឺនក្បាល ត្រូវបានរដ្ឋបាលខេត្តរតនគិរីនិងខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី យកទៅលែងនៅក្នុងបឹងធម្មជាតិនៃទំនប់អាងទឹកវារីអគ្គិសនីអូរជុំទី១ នៅភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ក្រោមការអញ្ជើញចូលរួមពីឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោក ជា ថាវរិទ្ធ សមាជិកក្រុមប្រឹក្សាខេត្តរតនគិរី ដោយមានការចូលរួមពី ថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្ត ក្រុង មន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងទាំង៣ និងប្រជាពលរដ្ឋដ៏ច្រើនកុះករ។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី លោក សយ សូណា បានឱ្យដឹងថា កូនត្រីចម្រុះ និងត្រីមេពូជជាច្រើនប្រភេទទៀត ដែលត្រូវលែងនៅក្នុងបឹងធម្មជាតិ ក្នុងថ្ងៃប្រារព្ធទិវាមច្ឆាជាតិ ១កក្កដា មានដូចជា ត្រីរ៉ស់ ត្រីក្រាញ់ ត្រីកន្ធរ និងត្រីអណ្តែង ដើម្បីធ្វើឳ្យអាងទឹកនេះសម្បូរត្រី ទុកជាតំបន់ទេសចរណ៍ ទាក់ទាញសម្រាប់ការនេសាទត្រីកម្សាន្តផង និងបម្រើសេចក្តីត្រូវការហូបចុករបស់ពលរដ្ឋក្នុងតំបន់នេះ ផងដែរ។

លោក សយ សូណា បានបន្តថា ខេត្តរតនគិរីបានបង្កើតសហគមន៍នេសាទជាច្រើន។ចាប់តាំងពីឆ្នាំ២០១១មក មានសហគមន៍នេសាទចំនួន ១៤សហគមន៍ ដែលរស់នៅតាមដងទន្លេសេសាន្ត និងទន្លេស្រែពក គ្រប់គ្រងអន្លង់អភិរក្សត្រីមេពូជចំនួន ៣៤អន្លង់ មានផ្ទៃក្រឡា ៣២៤,៦៤ ហិកតា ។ ខណ្ឌរដ្ឋបាលជលផល បានសហការ និងពង្រឹងដល់សហគមន៍ផ្សព្វផ្សាយច្បាប់ ស្តីពី ជលផល ការត្រួតពិនិត្យ បង្ក្រាបបទល្មើសជលផល និងការអភិវឌ្ឍវារីវប្បកម្មជាដើម ជាលទ្ធផលសហគមន៍នេសាទ បានចូលរួមទប់ស្កាត់ និងរាយការណ៍ពីជនល្មើសនេសាទត្រីខុសច្បាប់ និងបានប្រគល់ឧបករណ៍ឆក់ត្រី និងស្បៃមុង ហើយជនល្មើសត្រូវបានបញ្ជូនទៅអយ្យការ និងសាលាដំបូងខេត្តរតនគិរី ដើម្បីបន្តចាត់ការតាមនីតិវិធី។

ឯកឧត្តមអភិបាលខេត្តរតនគិរីបានលើកឡើងថា ការប្រារព្ធទិវាមច្ឆាជាតិធ្វើឡើង ក្នុងគោលបំណងបំផុសប្រជាពលរដ្ឋ ឱ្យចូលរួមចំណែកការពារ អភិរក្ស និងអភិវឌ្ឍន៍វិស័យជលផល ដើម្បីធានាសន្តិសុខស្បៀង និងនិរន្តរភាព ធនធានជលផល ដែលជាផលប្រយោជន៍សេដ្ឋកិច្ច សង្គម និងបរិស្ថាន។សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានគាំទ្រសកម្មភាព ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងអនុវត្ត ដើម្បីពង្រឹងការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានជលផល ប្រកបដោយចីរភាព សម្រាប់កូនចៅជំនាន់ក្រោយ និងបំផុសស្មារតី ចូលរួមតាមរយៈទិវាមច្ឆជាតិ ១កក្កដា រៀងរាល់ឆ្នាំ ។
ឯកឧត្តមអភិបាលខេត្តរតនគិរី បានស្នើអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ នៅក្រុងបានលុង ពិសេសសង្កាត់បឹងកន្សែង ត្រូវបន្តផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ ហាមមិនឱ្យ នេសាទត្រី និងការប្រមាញ់សត្វព្រៃ ដែលមាននៅបឹងកន្សែង ដែលជាបឹងទេសចរណ៍របស់ខេត្ត ។ត្រូវធ្វើការអប់រំផ្សព្វផ្សាយដល់សហគមន៍មូលដ្ឋាន ប្រជាពលរដ្ឋចូលរួមការពារ និងអភិរក្សធនធានជលផល និងទប់ស្កាត់រាយការណ៍ពីជនល្មើស ដែលនេសាទត្រីខុសច្បាប់ ពិសេសក្នុងរដូវបិទនេសាទ ពេលត្រីដែលកំពុងពងកូនពីខែកក្កដា ដល់ខែកញ្ញា ត្រូវពង្រឹងសមត្ថភាពសហគមន៍នេសាទ ក្នុងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផល ស្របតាមទិសស្លោក សហគមន៍នេសាទគ្មានបទល្មើសជលផល ជំរុញវារីវប្បកម្មដល់សហគមន៍នេសាទ និងកសិករ ដែលមានស្រះទឹកអាចចិញ្ចឹមត្រីទាំងប្រាំង និងវស្សា ដើម្បីលើកម្ពស់ជីវភាពរស់នៅរបស់សហគមន៍នេសាទ ៕
ដោយៈឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner