រដ្ឋមន្ត្រីប្រតិភូ ៖ដើម្បីគ្រប់គ្រងល្បែងស៊ីសងមានប្រសិទ្ធិភាព លុះត្រាតែបើកមួយបង្ក្រាបមួយ បើកមួយបិទមួយ
កំពង់ស្ពឺ៖រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ជួន សុវណ្ណ បានផ្តល់ការណែនាំដល់រដ្ឋបាលខេត្តនិងគ្រប់សមត្ថកិច្ចពាក់ព័ន្ធរបស់ខេត្តកំពង់ស្ពឺថាដើម្បីគ្រប់គ្រងល្បែងស៊ីសងនៅមូលដ្ឋានទទួលបានប្រសិទ្ធិខ្ពស់ ,អាជ្ញាធរនិងសមត្ថកិច្ចគ្រប់ក្រុង ស្រុក ត្រូវតែអនុវត្តវិធានការបើកមួយ បង្ក្រាបមួយ ឬបើកមួយបិទមួយ។
ឯកឧត្តម ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រីបានបញ្ជាក់ដូច្នេះក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាលើការងារទប់ស្កាត់ បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នៅរដ្ឋបាលខេត្តកំពង់ស្ពឺ។
ឯកឧត្តម ជួន សុវណ្ណ បញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាទៅតាមបណ្តារាជធានី ខេត្តនៅទូទាំងព្រះរាជាណាចក្រកម្ពុជាឱ្យអនុវត្តឱ្យខានតែបាននូវបញ្ហាបង្រ្កាបគ្រឿងញៀន ល្បែងស៊ីសង និងក្មេងទំនើងប្រយោជន៍ដើម្បីរក្សាឱ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ។
ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលនឹងបញ្ចប់សុពលភាពអាជ្ញាបណ្ណល្បែងនៅឆ្នាំ២០២៦នៅទូទាំងប្រទេស ដោយមិនបន្តសុពលភាពនិងមិនឱ្យមានការបង្កើតថ្មីនោះទេ។នៅទូទាំងរាជធានី ខេត្តកន្លងមកទីតាំងល្បែងមានរហូត ៦ ១១៣កន្លែង។តែក្រោយមានបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលទីតាំងទាំងនោះក៏ត្រូវបានផ្អាកនិងបិទជាស្ថាពរ។
ឯកឧត្តមបានរំឭកដល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនិងវិធានការក្នុងការគ្រប់គ្រងនិងទប់ស្កាត់ការងើបឡើងវិញនូវល្បែងស៊ីសងគ្រប់ប្រភេទទាំងល្បែងមានអាជ្ញាបណ្ណនិងគ្មានអាជ្ញាបណ្ណនៅតាមមូលដ្ឋាន ។លោកថា វាគ្មានអ្វីពិបាកក្នុងការគ្រប់គ្រងនិងទប់ស្កាត់នោះទេ។សំខាន់អាជ្ញាធរនិងសមត្ថកិច្ចពិសេសមន្ត្រីនគរបាលយុត្តិធម៌មានការតាំងចិត្តឬអត់?និងមិនមានជាប់ពាក់ព័ន្ធនិងផលប្រយោជន៍តែប៉ុណ្ណោះ។ និយាយជារួមគឺបើកមួយ បង្ក្រាបមួយ ឬបើកមួយបិទមួយ ។បើយើងមិនអនុវត្តវិធានការនេះទេយូរទៅជំងឺនឹងមានភាពស៊ាំទៅនឹងថ្នាំ ។យូរៗទៅវានឹងក្លាយជាជំងឺមហារីកពិបាកព្យាបាលណាស់ ៕
ដោយ៖ ម៉ុន សំអាត