Disney ពង្រីកអាជីវកម្មកប៉ាល់ដឹកភ្ញៀវទេសចរនៅជប៉ុន
តូក្យូ៖ ក្រុមហ៊ុន Walt Disney កាលពីថ្ងៃអង្គារ បានបង្ហាញផែនការបើកដំណើរការកប៉ាល់ទេសចរណ៍ថ្មីមួយ ដែលនឹងចេញដំណើរពីទីក្រុងតូក្យូ ប្រទេសជប៉ុន នៅក្នុងសារពើពន្ធឆ្នាំ ២០២៨។
កប៉ាល់ថ្មីនេះ នឹងដាក់ដំណើរការស្ថិតក្រោមភាពជាដៃគូជាមួយក្រុមហ៊ុន Oriental Land (OLC) ដែលជាប្រតិបត្តិកររបស់ Tokyo Disneyland។
វាគឺជាផ្នែកមួយនៃការពង្រីកអាជីវកម្មកម្សាន្តរបស់ក្រុមហ៊ុន Disney ជាមួយនឹងការចាយទុនវិនិយោគរហូតដល់ ៦០ពាន់លានដុល្លារក្នុងរយៈពេល ១០ឆ្នាំ។ បច្ចុប្បន្ន Disney មាននាវាកម្សាន្តចំនួន ៥ កំពុងដំណើរការ។ បន្ថែមពីលើកប៉ាល់ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ Disneyក៏មានគម្រោងបើកដំណើរការកប៉ាល់ទេសចរណ៍ចំនួន ៣គ្រឿងផ្សេងទៀតផងដែរ ក្នុងនោះមួយគ្រឿងនឹងចេញដំណើរពីសិង្ហបុរីនៅឆ្នាំ ២០២៥។
ប្រធានក្រុមហ៊ុន Disney Signature Experiences លោក Thomas Mazloum បានប្រាប់អ្នកយកព័ត៌មានថា ដោយចេញដំណើរពីប្រទេសជប៉ុន កប៉ាល់ទេសចរណ៍ថ្មីនេះ នឹងធ្វើឱ្យវិស្សមកាលរបស់ Disney តាមផ្លូវសមុទ្រកាន់តែងាយស្រួលសម្រាប់ភ្ញៀវទេសចរជប៉ុន ដែលជាអ្នកគាំទ្រដ៏ធំបំផុតរបស់យើង។ ក្រុមហ៊ុន OLC បានបញ្ជាក់ថា កប៉ាល់ទេសចរណ៍ថ្មីនេះ នឹងមានសមត្ថភាពផ្ទុកអ្នកដំណើរអតិបរមា ៤,០០០នាក់ ហើយត្រូវបានគេរំពឹងថា នឹងនាំមកនូវប្រាក់ចំណូលប្រចាំឆ្នាំជាង ៦២១លានដុល្លារ នៅពេលវាចាប់ផ្តើមដំណើរការ។
ការពង្រីកសេវាកម្មកប៉ាក់ទេសចរណ៍របស់ Disney កើតឡើងនៅពេលដែលឧស្សាហកម្មទេសចរណ៍កំពុងរីករាយនឹងការស្ទុះងើបឡើងវិញ បន្ទាប់ពីការបិទខ្ទប់ជាសកល ក្នុងអំឡុងពេលជំងឺរាតត្បាត COVID-19។ សមាគមអន្តរជាតិ Cruise Lines បានរំពឹងថា ចំនួនអ្នកដំណើរតាមផ្លូវទឹកនឹងកើនឡើងដល់ ៣៤.៧លាននាក់នៅឆ្នាំ ២០២៤នេះ ពោលគឺកើនឡើង ១៧ភាគរយ បើធៀបនឹងឆ្នាំ ២០១៩៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា