តម្រូវការធ្លាក់ចុះខ្លាំង Audi គ្រោងបិទរោងចក្រឡានអគ្គិសនីនៅប៊ែលហ្ស៊ិក
ព្រុចសែល៖ ក្រុមហ៊ុនផលិតឡានប្រណិតអាល្លឺម៉ង់ Audi បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនកំពុងពិចារណាបិទរោងចក្រផលិតឡានអគ្គិសនីនៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក ដោយសារតែតម្រូវការឡានអគ្គិសនីប្រណិតសកលធ្លាក់ចុះយ៉ាងគំហុក។
ក្រុមហ៊ុន Audi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដំបូង ខ្លួនកំពុងថ្លឹងថ្លែងបញ្ចប់ការផលិតឡានអគ្គិសនីម៉ូដែល Q8 e-tron នៅរោងចក្ររបស់ខ្លួននៅក្នុងទីក្រុងព្រុចសែល ហើយអាចឈានដល់ការបញ្ឈប់ប្រតិបត្តិការទាំងស្រុងតែម្តង ប្រសិនបើគ្មានជម្រើសណាមួយត្រូវបានរកឃើញ។
តម្រូវការឡាន Audi ម៉ូដែល Q8 e-tron ដែលចេញលក់ក្នុងឆ្នាំ ២០១៨ បានធ្លាក់ចុះយ៉ាងខ្លាំង ហើយក្រុមហ៊ុននេះកំពុងពិចារណាបញ្ចប់ការផលិតទាំងស្រុងក្នុងអំឡុងឆ្នាំ ២០២៥។ ហើយផែនការនេះដែរ អាចនឹងប៉ះពាល់ដល់ការងាររបស់បុគ្គលិកប្រហែល ៣,០០០នាក់ ជាមួយនឹងការខាតបង់សរុបជាង ២.៨ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធ ២០២៤។
សូមបញ្ជាក់ថា ប្រាក់ចំណេញនៅត្រីមាសទី១ ឆ្នាំ២០២៤ របស់ក្រុមហ៊ុន Volkswagen ដែលជាក្រុមហ៊ុនមេរបស់ Audi បានធ្លាក់ចុះរហូតដល់ ២០ភាគរយ ហេតុផលមួយផ្នែកដោយសារការពន្យាពេលចែកចាយឡាននៅក្រុមហ៊ុន Audi បន្ទាប់ពីរោងចក្រនៅទីក្រុងព្រុចសែលបានបិទអស់រយៈពេលពីរសប្តាហ៍ដោយសារតែកង្វះគ្រឿងបន្លាស់នៅក្នុងខែកុម្ភៈ។ រោងចក្រនេះ អាចមានសមត្ថភាពផលិតឡានប្រហែល ៥០,០០០គ្រឿងកាលពីឆ្នាំ ២០២៣៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា