៦ខែកម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយបរទេសជាង ២ម៉ឺន ៦ពាន់លានដុល្លារ (Video Inside)

ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានទឹកប្រាក់ជាង ២ម៉ឺន ៦ពាន់លានដុល្លារ ក្នុងរយៈពេល៦ខែឆ្នាំ២០២៤នេះ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, ទំហំទឹកប្រាក់ ២៦ពាន់លានដុល្លារ គឺជាការធ្វើពាណិជ្ជកម្មជាមួយប្រទេស នៃដៃគូសំខាន់ៗ ចំនួន ២០ប្រទេស និងជាមួយបណ្តាប្រទេសផ្សេងទៀត ក្នុងនោះកម្ពុជាបាននាំចេញទំនិញ មានទឹកប្រាក់ជាង ១២ពាន់លានដុល្លារ ដែលកើនឡើងប្រមាណជាង ១២ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា២០២៣ ខណៈការនាំចូលពីបរទេសមានចំនួនជាង ១៣ពាន់លានដុល្លារកើនឡើងជាង ១២ភាគរយដូចគ្នា។

ទីផ្សារសំខាន់ៗ ដែលកម្ពុជាបាននាំចេញទំនិញរួមមាន ប្រទេសចិនជាង ៨០០លានដុល្លារ, សហរដ្ឋអាមេរិកជាង ៤ពាន់ ៤០០លានដុល្លារ, វៀតណាម ជាង ២ពាន់លានដុល្លារ, ថៃ ៤៣៩លានដុល្លារ, ជប៉ុនជាង ៦២៨លានដុល្លារ, អាល្លឺម៉ង់ ជាង ៤២៤លានដុល្លារ, អេស្ប៉ាញ ៤៥១លានដុល្លារ, កាណាដា ៤៩៤លានដុល្លារ, អង់គ្លេស ៤២៧លានដុល្លារ, ហូឡង់ ៣៤៥លានដុល្លារ, កូរ៉េខាងត្បូង ១៥៥លានដុល្លារ និងការនាំចេញទៅកាន់ប្រទេសផ្សេងៗមួយចំនួនទៀត។

ចំណែកការនាំចូលវិញ កម្ពុជាបាននាំចូលទំនិញពីប្រទេសចិន មានទឹកប្រាក់ជិត ៦ពាន់លានដុល្លារ, វៀតណាមជាង ២ពាន់លានដុល្លារ, ថៃជាង ១ពាន់ ៦០០លានដុល្លារ, សឹង្ហបុរី ៤៥៦លានដុល្លារ, ឥណ្ឌូនស៊ី ៥២១លានដុល្លារ, តៃវ៉ាន់ ៣៥៤លានដុល្លារ, កូរ៉េខាងត្បូង ២៤១លានដុល្លារ, ម៉ាឡេស៊ី ៣៨៥លានដុល្លារ, ហុងកុង ១៩៨លានដុល្លារ, ក្រៅពីនេះកម្ពុជាក៏ បាននាំចូលទំនិញផ្សេងៗ ពីបណ្តាប្រទេសមួយចំនួនទៀត៕

ads banner