៦ខែកម្ពុជានាំចេញផ្លែមៀនស្រស់ទៅបរទេស ១ម៉ឺន ៤ពាន់ ៨១៧តោន (Video Inside)

កម្ពុជាបាននាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារអន្តរជាតិ ១ម៉ឺន ៤ពាន់ ៨១៧តោន នៅក្នុងឆមាសទី១ ឆ្នាំ២០២៤ ដែលចំនួននេះមានការកើនឡើងជាង ១២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានឱ្យដឹងថា ទីផ្សារដែលកម្ពុជានាំចេញផ្លែមៀនស្រស់ច្រើនជាងគេ គឺទីផ្សារប្រទេសចិន បន្ទាប់ពីអាជ្ញាធរក្រុងប៉េកាំង បានអនុញ្ញាតឱ្យកម្ពុជា នាំចេញមៀនស្រស់ទៅដោយផ្ទាល់ កាលពីឆ្នាំ២០២២។

មន្ត្រីក្រសួងកសិកម្មបានថ្លែងទៀតថា បន្ទាប់ពីក្រសួងពាណិជ្ជកម្ម បានចុះអនុស្សារណៈ ជាមួយក្រុមហ៊ុនអាលីបាបា ដើម្បីដាក់លក់ផ្លែមៀនស្រស់លើទីផ្សារអនឡាញនោះមក, ក្រុមហ៊ុនអាលីបាបា បានធ្វើឱ្យទីផ្សារមៀនស្រស់របស់កម្ពុជា កាន់តែរីកធំថែមទៀត ដោយមិនត្រឹមទៅដល់អ្នកដែលបញ្ជាទិញផ្ទាល់នៅប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ទៅដល់អតិថិជន ដែលបញ្ជាទិញតាមទូរសព្ទដៃ យកទៅបរិភោគនៅតាមផ្ទះ ដោយគ្រាន់តែចុចបញ្ជានៅលើទូរសព្ទដៃប៉ុណ្ណោះ។

កម្ពុជាបានចាប់ផ្តើមនាំចេញផ្លែមៀនប៉ៃលិនស្រស់ ទៅទីផ្សារប្រទេសចិនជាលើកដំបូង កាលពីខែតុលា ឆ្នាំ២០២២ បន្ទាប់ពីការចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យ និងបានដាក់លក់ជាផ្លូវការនៅលើទីផ្សារអនឡាញរបស់ Alibaba Group កាលពីថ្ងៃពី១២ ខែធ្នូ ឆ្នាំ២០២២។ តាមរយៈនោះ អតិថិជនកាន់តែច្រើនស្គាល់ពីផលិតផលកសិកម្មកម្ពុជា ព្រោះចិនជាទីផ្សារធំ ដែលមានប្រជាជនជាង ១ពាន់ ៤០០លាននាក់៕

ads banner