អ្នកជំងឺទឹកនោមផ្អែម អាចប្រើ AI វាស់ជាតិស្ករ និង សម្រួលការគេង
បរទេស៖ ឆាប់ៗនេះ អ្នកជំងឺទឹកនោមផ្អែម នៅប្រទេសស្វីសនឹងអាចប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដើម្បីវាស់ ស្ទង់កម្រិតជាតិស្ករអ្នកជំងឺទឹកនោមផ្អែម នៅពេលយប់ ដូច្នេះ ជួយអ្នកជំងឺគេងលក់ ដោយគ្មានការ ព្រួយបារម្ភ។ នេះបើយោងតាមចុះផ្សាយរបស់ Medical Express។ បច្ចេកវិទ្យាថ្មីប្រើ AI នេះត្រូវបានផលិតដោយក្រុមហ៊ុន ឱសថដ៏ធំរបស់ប្រទេសស្វីស Roche។
ជំងឺទឹកនោមផ្អែម គឺជាជំងឺរ៉ាំរ៉ៃ កើតឡើងពីកម្រិតជាតិស្ករខ្ពស់ក្នុងឈាម។ ជំងឺនេះអាចរំខានដំណេក និងមានពេលខ្លះ ត្រូវចូលពេទ្យភ្លាមៗ នៅពេលជាតិស្ករចុះឬឡើងខ្លាំងនៅពេលយប់។
ក្រុមហ៊ុនស្វីស Roche អះអាងថា បច្ចេកវិទ្យាតាមដានជាតិស្ករចុងក្រោយបំផុតរបស់ខ្លួន ប្រើឧបករណ៍ ចាប់សញ្ញា កម្រិតជាតិស្ករក្នុងឈាម រៀងរាល់ ៥ នាទីម្តង ដោយភ្ជាប់ជាមួយកម្មវិធី AI ។ បច្ចេកវិទ្យានេះ កាត់បន្ថយការព្រួយបារម្ភ អំពីការថយចុះជាតិស្ករក្នុងឈាម នៅពេលយប់។
ក្រុមហ៊ុន Roche រំពឹងថា ដំណោះស្រាយ AI ថ្មីនេះ នឹងវិនិច្ឆ័យ ស្របតាមស្តង់ដារសុខភាព និងសុវត្ថិភាពអឺរ៉ុប។
យោងតាមអង្គការសុខភាពពិភពលោក គិតត្រឹមឆ្នាំ ២០២៤នេះ មនុស្សជាង ៤២២លាននាក់ មានបញ្ហាជំងឺទឹកនោមផ្អែម នៅទូទាំងពិភពលោក៕
ប្រែសម្រួល៖សារ៉ាត