ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបដិសេធចំពោះការអត្ថាធិប្បាយដែលគ្មានមូលដ្ឋាន ដោយអ្នកនាំពាក្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិពាក់ព័ន្ធនឹងការកាត់ទោសសកម្មជនបរិស្ថាន

ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ ធ្វើការបដិសេធចំពោះការអត្ថាធិប្បាយដែលគ្មានមូលដ្ឋាន និងដោយបំភ័ន្ត ដោយអ្នកនាំពាក្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ Thameen Al-Kheetan កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងការកាត់ទោសសកម្មជនបរិស្ថានដោយតុលាការកម្ពុជា។ ស្ថានបេសកកម្មអចិន្ត្រៃយ៍ សូមផ្តល់ការបំភ្លឺដូចខាងក្រោម៖

1.ការអះអាងថាដំណើរការកាត់ក្តីលើសកម្មជនបរិស្ថានទាំង១០រូប មិនអនុលោមតាមបទដ្ឋាន សិទ្ធិមនុស្សអន្តរជាតិ គឺគ្មានមូលដ្ឋាន ដែលបង្ហាញពីការយល់ឃើញមានកម្រិត ឬការបដិសេធ ដោយចេតនាក្នុងការយល់ដឹងពីនីតិវិធីរបស់តុលាការនៅកម្ពុជា។ សកម្មជនបរិស្ថានទាំងនេះ ត្រូវ បានផ្តន្ទាទោសពុំមែនដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ពួកគេនោះទេ ប៉ុន្តែដោយសារ ការរៀបចំសកម្មភាពប្រឆាំងរដ្ឋាភិបាល និងប្រមាថព្រះមហាក្សត្រ ដែលជាបទល្មើសប្រព្រឹត្ត នៅក្នុងប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២១ និងត្រូវផ្តន្ទាទោសទៅតាមមាត្រា ៤៣៧ (ស្ទួន) និងមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។ ជនជាប់ចោទទាំងអស់មានឱកាសពេញ លេញក្នុងការចូលរួមរាល់នីតិវីធីរបស់តុលាការ រួមទាំងសិទ្ធិក្នុងការការពារផ្នែកច្បាប់ និងបដិសេធ រាល់ការចោទប្រកាន់ ដែលជាផ្នែកនៃសិទ្ធិទទួលបាននូវការជំនុំជម្រះក្តីដោយយុត្តិធម៌ និង ដំណើរការតាមនីតិវិធីត្រឹមត្រូវ។

    2.នៅកម្ពុជា ក៏ដូចប្រទេសប្រជាធិបតេយ្យដទៃទៀតដែរ គ្មានបុគ្គលណាម្នាក់ត្រូវបានចោទប្រកាន់ ដោយសារតែពួកគេជានរណានោះទេ ប៉ុន្តែផ្អែកលើបទល្មើសដែលច្បាប់បានកំណត់។ ការណ៍ដែលជាសកម្មជនបរិស្ថាន ឬសម្ព័ន្ធជាមួយអង្គការស្តីពីសិទ្ធិណាមួយ មិនផ្តល់ឱ្យពួកគេធ្វើសកម្មភាព ដោយនិទណ្ឌភាពឡើយ។ ការលើកឡើងថា មាន«ការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះការអនុវត្ត ច្បាប់ដោយអាជ្ញាធរ គឺជាការមាក់ងាយដល់នីតិរដ្ឋ និងការអនុវត្តដោយស្មើភាពគ្នាចំពោះប្រជាពលរដ្ឋទាំងអស់ដូចត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។ ពលរដ្ឋគ្រប់រូបមានកាតព្វកិច្ច រួមទាំងសកម្មជនបរិស្ថានដែលប្រកាសដោយខ្លួនឯងផងដែរ ក្នុងការអនុវត្តសិទ្ធិរបស់ខ្លួនដោយ គណនេយ្យភាព និងទំនួលខុសត្រូវក្នុងដែនកំណត់នៃច្បាប់។

    3.ការអំពាវនាវឱ្យ «ពិនិត្យឡើងវិញនូវសំណុំរឿង» ឬ«ពិនិត្យឡើងវិញនូវការផ្តន្ទាទោស» គឺជាការរើសអើងយ៉ាងខ្លាំងចំពោះសុចរិតភាពរបស់តុលាការកម្ពុជា និងដំណើរការនៃការសម្រេចរបស់តុលាការ។ ការសម្រេចរបស់តុលាការគឺផ្អែកលើភស្តុតាងជាក់ស្តែង និងប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹង ទៅលើដំណើរការតាមនីតិវិធីត្រឹមត្រូវ និងគោលការណ៍ច្បាប់។ ជនជាប់ចោទមានសិទ្ធិពេញលេញក្នុងការការពារខ្លួនតាមផ្លូវច្បាប់ ដោយបណ្តឹងជំទាស់ទៅនឹងសេចក្តីសម្រេចរបស់តុលាការ។ ទោះបីជាពួកគេទាំងប្រាំមួយនាក់ជាអនីតិជននៅពេលប្រព្រឹត្តបទល្មើសក៏ដោយ ក៏ការ ទទួលខុសត្រូវព្រហ្មទណ្ឌនៅតែអាចអនុវត្តបាន ប្រសិនបើមានការធានាដោយកាលៈទេសៈ នៃបទល្មើស ឬចរិតលក្ខណៈរបស់អនីតិជន អនុលោមតាមមាត្រា ៣៩ នៃក្រមព្រហ្មទណ្ឌ។

    4.ការអំពាវនាវឱ្យមានការកែប្រែមាត្រាពាក់ព័ន្ធនៃក្រមព្រហ្មទណ្ឌគឺជាការភ័ន្តច្រលំ។ ក្រមព្រហ្មទណ្ឌត្រូវបានចូលរួមបង្កើតឡើងដោយអ្នកជំនាញផ្នែកច្បាប់មកពីបស្ចិមប្រទេស ហើយមានការពិគ្រោះយោបល់យ៉ាងទំលំទូលាយជាមួយភាគីពាក់ព័ន្ធ ដើម្បីធានាថា សិទ្ធិជាមូលដ្ឋាន ដូចដែលធានាដោយរដ្ឋធម្មនុញ្ញ និងអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិដែលកម្ពុជាជារដ្ឋភាគី ត្រូវបានការពារ ហើយអ្នកបំពានច្បាប់ត្រូវទទួលខុសត្រូវចំពោះការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌរបស់ពួកគេ។ ជាក់ស្តែង មិនមានអ្វីដែលត្រូវឱ្យព្រួយបារម្ភចំពោះបទប្បញ្ញត្តិនៃក្រមព្រហ្មទណ្ឌឡើយ។ អ្នកនាំពាក្យគួរតែធ្វើការអប់រំសកម្មជនសិទ្ធិមនុស្ស ឱ្យអនុវត្តសិទ្ធិរបស់ពួកគេ ស្របតាមដែនកំណត់នៃច្បាប់។ ទោះជាយ៉ាងណាក៏ដោយ យោងតាមកម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធតុលាការរបស់រាជរដ្ឋាភិបាល ក្រមព្រហ្មទណ្ឌ ក៏ដូចជាច្បាប់សំខាន់ៗ មួយចំនួនទៀត ពាក់ព័ន្ធនឹងប្រព័ន្ធតុលាការកំពុងត្រូវបានពិនិត្យ ក្នុងគោលបំណងធ្វើទំនើបកម្ម ប្រសិទ្ធភាព និងសង្គតិភាពជាមួយនឹងបរិបទនៃប្រទេសកម្ពុជា។

    ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងហ្សឺណែវ ទទូចឱ្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អនុវត្តអាណត្តិរបស់ខ្លួនដោយអនុលោមតាមសេចក្តីសម្រេចលេខ A/RES/48/141 ដែលការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិត្រូវបំពេញមុខងារ ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងត្រូវគោរពអធិបតេយ្យ និងយុត្តាធិការក្នុងស្រុករបស់រដ្ឋ នីមួយៗ៕
    ដោយ៖ពលជ័យ

    ads banner