ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ សាធារណជន អាចអញ្ជើញទៅទស្សនា និងទទួលយកកូនឈើដោយឥតគិតថ្លៃ នៅទីស្តីការក្រសួងបរិស្ថាន

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសសន៍ លើកឡើងនៅ ក្នុងបណ្តាញសង្គមហ្វេសបុកថា មិនថាមន្ត្រីរាជការ មិនថាកុមារា កុមារី ឬក៏សាធារណជនទូទៅសុទ្ធតែផ្សាភ្ជាប់ទៅនឹងបរិស្ថាន ហើយមានតួនាទី គ្រប់ៗក្នុងការចូលរួមថែរក្សាបរិស្ថាន។ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ សាធារណជនទាំងអស់អាចអញ្ជើញទៅទស្សនា ពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ នៅមុខទីស្តីការក្រសួងបរិស្ថាន ដើម្បីចូលរួមក្នុងការថែរក្សាបរិស្ថាន និងចូលរួមបង្កើតទម្លាប់ល្អ ដើម្បីជួយដល់បរិស្ថានរបស់យើង។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបន្តថា ការតាំងពិព័រណ៍ និងចែកកូនឈើ ជូនដល់សាធារណជនដោយឥតគិតថ្លៃ ដើម្បីយកទៅដាំនៅតាមទីតាំងផ្ទាល់ខ្លួននាពេលនេះ គឺជាផ្នែកនៃការបើកទំព័រថ្មីមួយរបស់ក្រសួងបរិស្ថាន ក្នុងការជំរុញសម្រេចឱ្យបាននូវគម្របព្រៃឈើចំនួន ៦០ភាគរយ នៃផ្ទៃប្រទេស នៅត្រឹមឆ្នាំ២០៥០។ ព្រឹត្តិការណ៍នេះគឺជាការឆ្លុះបញ្ចាំងនូវសកម្មភាពជាយុទ្ធសាស្រ្ត ស្របតាម «មុំនៃភាពបៃតងក្នុងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨» ដែលជាយុទ្ធសាស្រ្តរៀបចំឡើង ដោយអនុលោមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សំដៅតម្រង់ទិស និងចង្អុលបង្ហាញអាទិភាពការងារ ក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍដោយចីរភាពដើម្បីឆ្ពោះទៅសម្រចការអភិវឌ្ឍប្រកបដោយអព្យាក្រឹតកាបូននៅត្រឹមឆ្នាំ២០៥០។

លើសពីនេះ ការរៀបចំពិព័រណ៍ផ្សព្វផ្សាយ ចែកកូនឈើ និងវេទិកាកេសរកូលជាតិលើកទី៤ នាពេលនេះ ក៏ជាការបង្ហាញអំពីសុឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ និងគោលនយោបាយរបស់ក្រសួងបរិស្ថាន ក៏ដូចជាការចូលរួមរបស់ដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ និងអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុក្នុងនាមកម្ពុជា ជារដ្ឋភាគីមួយផងដែរ។

ឯកឧត្តម រដ្ឋមន្ត្រី អ៊ាង សុផល្លែត បានអោយដឹងថា ការប្រារព្ធពិធី « ពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរ  កូលជាតិលើកទី៤» នាថ្ងៃនេះគឺជាព្រឹត្តិការណ៍ដ៏ធំដំបូងគេជាប្រវត្តិសាស្ត្រមិនធ្លាប់មានរបស់ក្រសួងបរិស្ថានឆ្លើយតបនឹងយុទ្ធនាការ«ដាំដើមឈើយ៉ាងតិច ១លានដើមក្នុង ១ឆ្នាំ» របស់ក្រសួងដែលតម្រូវឱ្យមន្ទីរបរិស្ថាន រាជធានីខេត្តទាំង២៥ បណ្តុះកូនឈើឱ្យបាន ១០ម៉ឺនក្នុង១ឆ្នាំក្នុង១មន្ទីរ ដើម្បីទុកចែកជូនដល់សាធារណជនពីគ្រប់មជ្ឈដ្ឋានយកទៅដាំដោយឥតគិតថ្លៃតាមទីតាំងរៀងៗខ្លួននៅទូទាំងប្រទេស។

យើងមានកូនឈើនៅទីនេះ សម្រាប់ចែកជូនប្រមាណ ៣៣,៦៥៤ដើម ដែលបានមកពីមន្ទីរបរិស្ថានរាជធានីខេត្ត និងអង្គការដៃគូមួយចំនួនបានចូលរួមចំណែកផ្តល់កូនឈើចំនួន ៧០០០ដើម សហគ្រាសឯកជន ចំនួន ៣០០០ ដើម ដូច្នេះ នៅទីនេះយើងមាន ៤៤,៦៥៤ ដើម ខណៈនៅតាមថ្នាលបណ្តុះកូនឈើយើងមាន ១,៣០០,០០០ដើម សម្រាប់ត្រៀមចែកជូនស្ថាប័ននានា និងប្រជាពលរដ្ឋទូទៅដែលបានស្នើសុំមកក្រសួង និងមន្ទីរបរិស្ថានកន្លងមក និងស្នើសុំផ្ទាល់ក្នុងអំឡុងពេលពិព័រណ៍នេះដែលចែកជា ៤ប្រភេទសំខាន់ៗ រួមមានឈើប្រណិត (១១ប្រភេទ) ឈើហូបផ្លែ(១៣ប្រភេទ) កូនឈើព្រៃលិចទឹក(១ប្រភេទ) និងកូនឈើលម្អ (១៧ប្រភេទ)។

សូមជម្រាបផងដែរថា ក្រសួងបរិស្ថាននឹងបន្តបណ្តុះកូនឈើសម្រាប់ការចែកចាយជារៀងរាល់ឆ្នាំតាមរយៈថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ចំនួន៥ កន្លែង នៅក្នុងខេត្តត្បូងឃ្មុំ ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តមណ្ឌលគិរី និងថ្នាលបណ្តុះខ្នាតតូចតាមមន្ទីរបរិស្ថានខេត្តនីមួយៗ៕

ដោយ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner