លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលរួមកម្មវិធីដាក់តាំងបង្ហាញ ក្នុងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ នៃក្រសួងបរិស្ថាន

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលរួមកម្មវិធីដាក់តាំង បង្ហាញ ក្នុងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ ” ពន្លកបៃតង ” និង វេទិកាកេសរកូលជាតិលើកទី៤ នៅល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅក្រសួង បរិស្ថាន ។

កម្មវិធីនេះមានរយៈពេល ៣ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ។ កម្មវិធីនេះផងដែររៀបចំឡើងក្នុងគោលបំណងតាំងបង្ហាញ និងចែកជូនកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីសាធារណៈ និងទីតាំងឯកជននានាដោយឥតគិតថ្លៃ។

សូមជម្រាបថា ការតាំងពិព័រណ៍ និងចែកកូនឈើ ជូនដល់សារធារណជនដោយឥតគិតថ្លៃ ដើម្បីយកទៅដាំនៅតាមទីតាំងផ្ទាល់ខ្លួន នាពេលនេះ គឺជាការបើកទំព័រថ្មីមួយរបស់ក្រសួងបរិស្ថាន ក្នុងការជំរុញសម្រេចឱ្យបាននូវគម្របព្រៃឈើចំនួន ៦០ភាគរយ នៃផ្ទៃប្រទេស នៅត្រឹមឆ្នាំ២០៥០។

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា៖ ការប្រារព្ធពិធី « ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរ កូលជាតិលើកទី៤» នេះ គឺជាព្រឹត្តិការណ៍ដ៏ធំដំបូងគេជាប្រវត្តិសាស្ត្រមិនធ្លាប់មានរបស់ក្រសួងបរិស្ថាន ឆ្លើយតបនឹងយុទ្ធនាការ«ដាំដើមឈើយ៉ាងតិច ១លានដើមក្នុង ១ឆ្នាំ» របស់ក្រសួង ដែលតម្រូវឱ្យមន្ទីរបរិស្ថានរាជធានី-ខេត្តទាំង២៥ បណ្តុះកូនឈើឱ្យបាន ១០ម៉ឺន ក្នុង១ឆ្នាំក្នុង១មន្ទីរ ដើម្បីទុកចែកជូនដល់សាធារណជនពីគ្រប់មជ្ឈដ្ឋានយកទៅដាំដោយឥតគិតថ្លៃតាមទីតាំងរៀងៗខ្លួននៅទូទាំងប្រទេស។

ឯកឧត្តម រដ្ឋមន្រ្តីក្រសួង បានថ្លែងបញ្ជាក់បន្ថែមថា៖ រាជរដ្ឋាភិបាល បានគាំទ្រយ៉ាងពេញទំហឹង និងអនុញ្ញាតឱ្យក្រសួងបរិស្ថានរៀបចំពិធីដ៏ធំនេះឡើងរយៈពេល ៣ ថ្ងៃនេះ នៅមុខទីស្តីការក្រសួងបរិស្ថាន ដែលមានការចូលរួមតាំងពិព័រណ៍កូនឈើ និងបង្ហាញថ្នាលបណ្តុះកូនឈើគំរូពីមន្ទីរបរិស្ថានរាជធានីខេត្តទាំង២៥ ប្រភេទនានានៃកេសរកូលព្រៃកម្ពុជា និង ប្រភេទពូជបង្កាត់ពីមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្ស កេសរកូល សុខ អាន ភ្នំគូលែននិងបណ្តាញអ្នកស្រលាញ់កេសរកូល រូបភាពស្អាតៗនិងពិសេសៗ ពីក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា ផលិតផលចម្រុះពីបណ្តាញភូមិ១ផលិតផល១ ផលិតផលចេញពីជីវៈចម្រុះរបស់សហគមន៍តំបន់ការពារធម្មជាតិ និងសមិទ្ធផលក៏ដូចសកម្មភាពការងាររបស់អគ្គនាយកដ្ឋានទាំង៦ចំណុះក្រសួងបរិស្ថាន អង្គការដៃគូ វិស័យឯកជន សមាគមន៍អេកូទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធសំខាន់ៗជាច្រើនទៀតសរុបប្រមាណជាង ១៥០ស្តង់។

ឯកឧត្តម អ៊ាង សុផល្លែត បានបន្ថែមថា”នាឱកាសនេះមានកូនឈើលសម្រាប់ចែកជូនប្រមាណ ៣៣,៦៥៤ដើម ដែលបានមកពីមន្ទីរបរិស្ថានរាជធានីខេត្ត និងអង្គការដៃគូមួយចំនួនបានចូលរួមចំណែកផ្តល់កូនឈើចំនួន ៧០០០ដើម សហគ្រាសឯកជន ចំនួន ៣០០០ ដើម ដូច្នេះ នៅទីនេះយើងមាន ៤៤,៦៥៤ ដើម ខណៈនៅតាមថ្នាលបណ្តុះកូនឈើយើងមាន ១,៣០០,០០០ដើម សម្រាប់ត្រៀមចែកជូនស្ថាប័ននានា និងប្រជាពលរដ្ឋទូទៅដែលបានស្នើសុំមកក្រសួង និងមន្ទីរបរិស្ថានកន្លងមក និងស្នើសុំផ្ទាល់ក្នុងអំឡុងពេលពិព័រណ៍នេះដែលចែកជា ៤ប្រភេទសំខាន់ៗ រួមមានឈើប្រណិត (១១ប្រភេទ) ឈើហូបផ្លែ(១៣ប្រភេទ) កូនឈើព្រៃលិចទឹក(១ប្រភេទ) និងកូនឈើលម្អ (១៧ប្រភេទ)។ សូមជម្រាបផងដែរថា ក្រសួងបរិស្ថាននឹងបន្តបណ្តុះកូនឈើសម្រាប់ការចែកចាយជារៀងរាល់ឆ្នាំតាមរយៈថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ចំនួន៥ កន្លែង នៅក្នុងខេត្តត្បូងឃ្មុំ ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តមណ្ឌលគិរី និងថ្នាលបណ្តុះខ្នាតតូចតាមមន្ទីរបរិស្ថានខេត្តនីមួយៗ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner