សម្ដេចធិបតី ហ៊ុន ម៉ាណែត ឯកភាពតាមសំណើរបស់កូនប្រុសលោកតា គង់ ណៃ សុំចូលបម្រើក្នុងក្របខ័ណ្ឌរដ្ឋ

ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមតេលេក្រាមនាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានឯកភាពតាមសំណើរបស់កូនប្រុសលោកតា គង់ ណៃ សុំចូលបម្រើក្នុងក្របខ័ណ្ឌរដ្ឋ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ខ្ញុំបានឃើញសាររបស់ប្អូនប្រុស គង់ បុរាណ ដែលត្រូវជាកូនប្រុសបង្កើតរបស់លោកតា គង់ ណៃ ដែលប្អូនបានស្នើសុំចូលបម្រើក្នុងក្របខ័ណ្ឌរដ្ឋ ដើម្បីបានដើរតាមគន្លងរបស់លោកឪពុក ហើយជាពិសេសប្អូនមានជំនាញចាប៉ី ដែលអាចបន្តវេនពីលោកឪពុករបស់ប្អូន ។ សម្ដេចបន្តថា ខ្ញុំឯកភាពតាមសំណើរបស់ប្អូនប្រុស គង់ បុរាណ ។

សម្ដេចនាយករដ្ឋមន្ត្រី ក៏បានប្រគល់ភារកិច្ចជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរៀបចំកិច្ចការងារនេះ ។ សម្ដេចធិបតី បានជូនពរប្អូនប្រុស ទទួលបានជោគជ័យក្នុងការបន្តវេនចាប៉ីពីលោកតា គង់ ណៃ ។

សូមរំលឹកថា ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដែលជាមរតកមនុស្សរស់ បានទទួលមរណភាព កាលពីវេលាម៉ោង ១២ និង ៤០នាទីរសៀល ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ ក្នុងជន្មាយុ៨០ឆ្នាំ ដោយជរាពាធ នាស្រុកកំណើត របស់លោកក្នុងខេត្តកំពត ក្រោយពីលោកបាន ចំណាយពេលពេញមួយជីវិត ដើម្បីលើកស្ទួយសិល្បៈចាប៉ីដងវែង ។

បន្ទាប់ពីដំណឹងមរណភាពដ៏ក្រៀមក្រំបំផុតនេះ ថ្នាក់ដឹកនាំប្រទេស មន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័ន និងមជ្ឈដ្ឋាន សង្គមជាច្រើន បានចេញសារចូលរួមរំលែកទុក្ខ ដោយបាន សម្តែងការសោកស្តាយជាទីបំផុត ចំពោះការបាត់បង់ធនធាន មនុស្សផ្នែកសិល្បៈចាប៉ីដងវែងដ៏មានទេពកោសល្យឆ្នើមរូបនេះ។

ជីវប្រវត្តិសង្ខេបលោកព្រឹទ្ធាចារ្យ គង់ ណៃ ៖ ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ កើតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៤៤ នៅភូមិដូង ឃុំស្វាយ ទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ។ ស្ថិតក្នុងវ័យប្រមាណជា ៤ឆ្នាំ កុមារា គង់ ណៃ បានធ្លាក់ខ្លួនពិការភ្នែកទាំង ២ បន្ទាប់ពីកើតជំងឺអុតធំ ។ ទោះបីជាធ្លាក់ខ្លួនពិការក្តី ក៏កុមារារូបនេះ បានចាប់ផ្តើមការសិក្សា អំពីចាប៉ីដងវែងនៅ អាយុ១៣ឆ្នាំ ខណៈដែលជារឿយៗកុមារា គង់ ណៃ បានប្រឈមមុខនឹងការសើចចំអកពីសំណាក់មិត្តភក្តិ និងមនុស្សជុំវិញខ្លួន ដោយសារតែភាពពិការរបស់ខ្លួន ។ កុមារា គង់ ណៃ បានចាប់ផ្តើមរៀនចាប៉ីដងវែងជាលើកដំបូង ពីឪពុកមា របស់ លោក ឈ្មោះ គង់ ទិត នៅក្នុងអំឡុងឆ្នាំ១៩៥៧។ ២ឆ្នាំក្រោយមក គឺនៅក្នុងឆ្នាំ១៩៥៩ កុមារា គង់ ណៃ ដែល នៅពេលនោះ មានវ័យប្រមាណជា១៥ឆ្នាំ បានចេញសម្តែងជាលើកដំបូងនៅក្នុង កម្មវិធីបុណ្យប្រចាំភូមិមួយនៅក្នុង ស្រុកកំណើតរបស់លោក ហើយចាប់តាំងពីពេលនោះមក លោកក៏បានក្លាយជាអ្នកចម្រៀងចាប៉ីប្រចាំភូមិ។ នៅពេល នោះ យុវជន គង់ ណៃ បានចាប់ផ្តើមធ្វើជាអ្នកចម្រៀង ចាប៉ី ហើយបានកសាងកេរ្តិ៍ឈ្មោះល្បីសុសសាយយ៉ាងឆាប់រហ័ស ហើយមិនយូរប៉ុន្មាន យុវជនរូបនេះ ក៏បានទទួល រហសនាមថា «សង្ហា» ណៃ ។

យុវជន គង់ ណៃ បានរៀបអាពាហ៍ពិពាហ៍ក្នុងវ័យ ១៨ ឆ្នាំ ជាមួយអ្នកស្រី តាត ឆេន ដែលកាលនោះមានអាយុ២០ឆ្នាំ ដែលជាអ្នកស្រុកកំពង់ត្រាចជាមួយគ្នា ។ អ្នកទាំង ២ ទទួល បានចំណងដៃ កូន១០នាក់(ប្រុស៦នាក់) នៅក្នុងអំឡុងឆ្នាំ១៩៧៥ ។ បុរសពិការភ្នែកទាំងគូរូបនេះ ត្រូវបានអង្គការខ្មែរក្រហម ចាត់តាំងឱ្យច្រៀងឃោសនាពីរបបកម្ពុជាប្រជាធិបតេយ្យ។

បើយោងតាមឯកសារនានា លោក គង់ ណៃ បានរួចរស់ជីវិតដោយប្រផុតប្រផើយ ពីរបបវាលពិឃាដខ្មែរក្រហម។ ក្នុង ឆ្នាំ១៩៧៩ លោកបានបន្តរស់នៅក្នុងស្រុកកំណើតធ្វើស្រែចំការ និងចាប់អាជីពជាសិល្បករចាប៉ីដងវែងឡើងវិញ។

លោកក៏ទទួលបានភាពជោគជ័យជាបន្តបន្ទាប់លើវិស័យសិល្បៈចាប៉ីដងវែង។ នៅឆ្នាំ១៩៨២ លោកទទួលបានជយលាភីលេខ១ ផ្នែកចម្រៀងចាប៉ីប្រចាំខេត្តកំពត ។ ក្នុង ឆ្នាំ១៩៩១ លោកបានប្រឡងជាប់ជយលាភីលេខ១ ផ្នែកចម្រៀងចាប៉ីដងវែង ទូទាំងប្រទេសនៅរាជធានីភ្នំពេញ ។
ឆ្នាំ២០០១ លោកទទួលបានវិញ្ញាបនបត្រព្រឹទ្ធាចារ្យវប្បធម៌សិល្បៈខ្មែរ ពីរាជបណ្ឌិត្យសភាកម្ពុជា និងគ្រឿងឥស្សរិយយសថ្នាក់មុនីសារាភ័ណ្ឌពីរដ្ឋាភិបាល។ ក្នុង ឆ្នាំ២០០២ លោកទទួលបានវិញ្ញាបនបត្រកិត្តិយសវីរៈសិល្បៈពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ។

លោក គង់ ណៃ ជាសិល្បករចាប៉ីដងវែងនៅនាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយក្នុងឆ្នាំ២០២៣ លោកព្រឹទ្ធាចារ្យ ក៏ធ្វើជាគ្រូបង្រៀនចាប៉ីដងវែង ដល់សិស្សជាច្រើនជំនាន់ នៅអង្គការខ្មែរអមតៈ រហូតដល់ឆ្នាំ២០០៧ លោកបានចូលនិវត្តន៍ ។

យោងតាមការ ចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ ព្រះបរមរាជវាំង បានឱ្យដឹងថា ក្នុងឆ្នាំ២០០៧ លោក គង់ ណៃ បានទទួលគ្រឿងឥស្សរិយយសម្ដែងទៀតពីរាជរដ្ឋា ភិបាល និងឆ្នាំ២០១២ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ផ្ដល់គោរមងារថ្នាក់ជាតិ ជាមត៌កមនុស្សរស់ ដែលមាននាមថា «កោសល្យវោហារ គង់ ណៃ»។ ដោយសារមានស្នាដៃលេចធ្លោ ក្នុងការថែរក្សាវប្បធម៌ ខ្មែរ នៅក្នុង ឆ្នាំ២០១៧ លោក គង់ ណៃ ទទួលបានពានរង្វាន់សិល្បៈ និងវប្បធម៌ ហ្វូគុ អុកា (Fukuoka Prize) ជាពានរង្វាន់ ដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៩០ នៅទីក្រុង ហ្វូគុអុកា ប្រទេសជប៉ុន សម្រាប់ផ្តល់ ជូនបុគ្គលដែលមានស្នាដៃឆ្នើមក្នុងតំបន់អាស៊ី ពាក់ព័ន្ធ ផ្នែកអប់រំ សិល្បៈ និងវប្បធម៌ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner