សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យនិស្សិតជ័យលាភី អាហារូបករណ៍​ទៅសិក្សានៅជប៉ុន និងឆែក ចូលជួបសម្ដែងការគួរសម

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា បានអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់រដ្ឋាភិបាលជប៉ុន (JDS-២០២៣) ចំនួន ២៥នាក់ និង ជ័យលាភីអាហារូបករណ៍ បន្តការសិក្សានៅសាធារណរដ្ឋឆែក ចំនួន ១៥នាក់ ចូលជួបសម្ដែងការគួរសម និងសំណេះសំណាល នៅវិមាន៧មករា រាជធានីភ្នំពេញ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ។

កម្មវិធីអាហាររូបករណ៍អភិវឌ្ឍន៍ធនធាន មនុស្សរបស់រដ្ឋាភិបាលជប៉ុន ហៅកាត់ថា JDS គឺជាគម្រោង មួយដែលទទួលបានថវិកាគាំទ្រ ពីរាជរដ្ឋាភិបាលជប៉ុន ក្នុងការជួយលើក ស្ទួយ និងអភិវឌ្ឍធនធានមនុស្ស នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជា ក្នុងទិសដៅពង្រឹងចំណងមិត្តភាព ទ្វេភាគីរវាង ប្រទេសកំពុងអភិវឌ្ឍន៍នានាជាមួយប្រទេសជប៉ុន ដែលក្នុងនោះក៏មានប្រទេស កម្ពុជាផងដែរ។

គម្រោងអាហារូបករណ៍ JDS នៅកម្ពុជា ត្រូវបានបង្កើត និងចាប់អនុវត្តន៍ចាប់ពីឆ្នាំ២០០០មក រហូតដល់ពេលបច្ចុប្បន្ន មានមន្ត្រីរាជការកម្ពុជាប្រមាណ ៥៧៣ នាក់ ដែលបានទទួលអាហារូបករណ៍ នេះ។

សមាសភាពរបស់បេក្ខជនទាំង ២៥ រូប ដែលទទួលបាន អាហារូបករណ៍ JDS ជំនាន់ទី២៤ មកពីក្រសួង-ស្ថាប័ន ចំនួន ១៤ ក្រសួង-ស្ថាប័ន ដែលមាន ២ រូប នឹងបន្តថ្នាក់បណ្ឌិត និង ២៣ ទៀត បន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។គម្រោងអាហារូបករណ៍ជប៉ុន JDS ផ្តល់កម្មវិធីសិក្សាតាមវិស័យ សម្រាប់មន្ត្រីរាជ ការវ័យក្មេង បន្តការសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើវិស័យចំនួន ៩ ឆ្លើយតបតម្រូវការក្នុងការ អភិវឌ្ឍធនធានមនុស្សនៅកម្ពុជា រួមមាន៖ ១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ២-ការអភិវឌ្ឍវិស័យឯកជន, ៣-ការលើកកម្ពស់គុណភាពអប់រំ, ៤-កសិកម្ម និងការអភិវឌ្ឍជនបទ, ៥-ការលើកកម្ពស់បរិស្ថានរស់នៅទីក្រុង, ៦-ការលើកកម្ពស់ប្រព័ន្ធថែទាំសុខភាព និងសន្តិសុខសង្គម, ៧-ការលើកកម្ពស់មុខងាររដ្ឋបាលសាធារណៈ, ៨-ការអភិវឌ្ឍផ្នែកច្បាប់ និងយុត្ថាធិការ និង ៩-ការកសាងទំនាក់ទំនងអន្តរជាតិ។

គ្រប់បេក្ខជនបេក្ខនារីទាំងអស់ សុទ្ធតែឆ្លងកាត់ដំណាក់កាល ប្រឡងជ្រើសរើសយ៉ាងហ្មត់ចត់ដោយគណៈកម្មការ ដែលមានសមាសភាពមកពី JICA-កម្ពុជា, ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលមានការសម្រប សម្រួលរដ្ឋបាលទូទៅពីមជ្ឈមណ្ឌលសហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICE) ។

សូមរំលឹកដែរថា ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ កន្លងមក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណឆែកដែលបានលុបបំណុល និងប្រែក្លាយបំណុលសេសសល់ ទៅជាជំនួយអភិវឌ្ឍន៍ ។ ក្រៅពីលុបបំណុលហើយ ឆែកក៏នៅបន្តផ្ដល់ជំនួយជាបន្តទៀត លើវិស័យសុខាភិបាល អប់រំ និងអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសលើវិស័យអប់រំគឺការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅសាធារណរដ្ឋឆែកជាបន្តបន្ទាប់។

សូមជម្រាបថា ឆែក សម្រេចផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា សម្រាប់ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិត លើមុខជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, កសិកម្ម, វិស្វកម្ម, គណិតវិទ្យា និងស្ថិតិ និងមុខជំនាញមួយចំនួនទៀត ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner