កីឡាបញ្ចស៊ីឡាត់ ចេញប្រកួតអន្ដរជាតិលើកដំបូង ដើម្បីវាស់ស្ទង់ ពីកម្រិតបច្ចេកទេស ត្រៀមស៊ីហ្គេម លើកទី៣៣

ភ្នំពេញ៖ សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន២២នាក់ ចូលរួមការប្រកួតកីឡាបញ្ចស៊ីឡាត់អន្ដរជាតិ លើកទី២ (2nd International Indonesia Pencak Silat Open Championship) ឆ្នាំ២០២៤ នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី ដើម្បីពង្រឹងសមត្ថភាព ត្រៀមស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅថៃ ។ នេះជាលើកដំបូង ដែលសហព័ន្ធបានបញ្ជូនអត្តពលិកចូលរួមការប្រកួតអន្ដរជាតិ បន្ទាប់ពីបានបង្កើតជាសហព័ន្ធផ្លូវការ នៅកម្ពុជា កាលពីខែកុម្ភៈកន្លងទៅ។

លោក សេង ធារិន ប្រធានសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា បានរំពឹងថា ការប្រកួតកម្រិតអន្តរជាតិនេះ ក្រៅពីផ្ដោតលើលទ្ធផលបច្ចេកទេស ក៏ជាពង្រឹងសមត្ថភាពសម្រាប់កីឡាករ-កីឡាការិនីកម្ពុជា ត្រៀមការប្រកួតអន្ដរជាតិបន្ដបន្ទាប់ទៀត។ ប្រធានសហព័ន្ធរូបនេះ បន្ដថា វាជាឱកាសឲ្យកីឡាករ-កីឡាការិនី និងគ្រូបង្វឹក ទទួលបានបទពិសោធន៍បន្ថែម និងវាស់ស្ទង់ពីកម្រិតបច្ចេកទេសសម្រួចសិទ្ធផល ឈានទៅសម្រចគោលដៅ សម្រាប់ត្រៀមចូលរួមការប្រកួត Asian Martial Arts and Indoor Games លើកទី៦ ថ្ងៃទី២២-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅថៃ និងត្រៀមចូលរួមការប្រកួតកម្រិតពិភពលោក នៅអារ៉ាប់រួម នាចុងឆ្នាំ២០២៤ ជាពិសេស ដើម្បីត្រៀមចូលរួមការប្រកួតស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ» ។

គួររម្លឹកថា កីឡាបញ្ចស៊ីឡាត់ គឺបានបង្កើតឡើង នៅដើមឆ្នាំ២០២៤នេះ ក្រោយទទួលបានជោគជ័យ នៃការប្រកួតស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាម្ចាស់ផ្ទះ កាលពីឆ្នាំ២០២៣កន្លងទៅ ដោយកីឡាបញ្ចស៊ីឡាត់ ដណ្តើមបានមេដាយសរុប ១២គ្រឿង (មាស២ និងសំរឹទ្ធ១០) ។

សូមបញ្ជាក់ថា ការប្រកួតកីឡាបញ្ចស៊ីឡាត់អន្ដរជាតិ នៅប្រទេសឥណ្ឌូនេស៊ី នឹងប្រព្រឹត្តទៅពីថ្ងៃទី១២-១៦ ខែកក្កដា ឆ្នាំ២០២៤ ដោយមានអត្តពលិក ៧ប្រទេសចូលរួមប្រកួត រួមមានម្ចាស់ផ្ទះឥណ្ឌូនេស៊ី កម្ពុជា សហរដ្ឋអាមេរិក សឹង្ហបុរី ម៉ាឡេស៊ី ប្រ៊ុយណេ និងថៃ ៕

អត្ថបទ-រូបភាព លោក ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner