លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី អញ្ជើញស្រង់ព្រះសុគន្ធវារី ប្រគេនព្រះចៅអធិការ និងមន្ត្រីសង្ឃ វត្តឧណ្ណាលោម
(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមពិធីប្រកាសតែងតាំង និងស្រង់ព្រះសុគន្ធវារី ប្រគេនព្រះចៅអធិការ និងមន្រ្តីសង្ឃ វត្តឧណ្ណាលោម នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២៤ ដោយមានការចូលរួម ពីសំណាក់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ព្រមពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ។
ក្នុងនាមជាពុទ្ធសាសនិកជនដ៏ជ្រះថ្លា លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្ទី ហ៊ុន ម៉ាណែត បានអញ្ជើញថ្វាយគ្រឿងសក្ការៈបូជា ចំពោះព្រះបរមអត្ថិធាតុរបស់សម្ដេចព្រះមហាសង្ឃរាជាធិបតី ទេព វង្ស អតីតសម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅលើព្រះវិហារ ព្រមទាំងបានចូលរួម ក្នុងពិធីសាសនាសំខាន់តាមរបៀបវារៈ ដែលបានកំណត់ ។
នៅក្នុងឱកាសនេះដែរ សម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃគណៈមហានិកាយ និងព្រះមេគណរាជធានីភ្នំពេញ បានមានសង្ឃដីកាប្រកាសនីយបត្រតែងតាំង សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ជាព្រះចៅអធិការវត្តឧណ្ណាលោម បន្តពីសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់បានយាងចូលព្រះទិវង្គត កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្រោយចប់ពិធីតែងតាំង និងប្រគេនប្រកាសនីយបត្រ ក៏មានពិធីដង្ហែព្រះចៅអធិការ និងព្រះមន្រ្តីសង្ឃប្រទក្សិណបុកស្បុក ៣ ជុំ បន្ទាប់មក សម្ដេចព្រះរាជាគណៈ និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក៏បាននិមន្ត និងអញ្ជើញស្រង់ព្រះសុគន្ធវារី ប្រគេនព្រះចៅអធិការ និងព្រះមន្រ្តីសង្ឃ វត្តឧណ្ណាលោម ដែលទើបប្រកាសតែងតាំថ្មី ប្រកបដោយសេចក្ដីរីករាយជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ