ក្រុមអ្នកវិនិយោគមកពីប្រទេសម៉ាឡេស៊ី ស្វែងយល់ពីសភាពការណ៍ពិត សម្រាប់ការចាប់ផ្តើមធុរកិច្ចនៅកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងអធិការកិច្ច បានអនុញ្ញាតឱ្យ លោក យ៉ុង ជីងសាន តំណាងក្រុមអ្នកវិនិយោគមកពីប្រទេស ម៉ាឡេស៊ី និងក្រុមការងារ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្រាប់ការចាប់ផ្តើមធុរកិច្ចនៅកម្ពុជា ។
ឯកឧត្តមរដ្ឋមន្ត្រី រីករាយស្វាគមន៍ លោក យ៉ុង ជីងសាន និងក្រុមអ្នកវិនិយោគមកពីប្រទេសម៉ាឡេស៊ី និងបានបង្ហាញអំពីសភាពការណ៍ពិត នៃនយោបាយ សង្គម និងសេដ្ឋកិច្ច បទដ្ឋានគតិយុត្ត យន្តការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាល ព្រមទាំងឱកាសវិនិយោគ សម្រាប់ការចាប់ផ្តើមធុរកិច្ចរបស់ខ្លួននៅកម្ពុជា។
លោកតំណាងក្រុមអ្នកវិនិ បានជម្រាបជូនពីផែនការវិនិយោគ និងដៃគូវិនិយោគដែលជាក្រុមហ៊ុននានាពីប្រទេសអង់គ្លេស ក្រិក ម៉ាឡេស៊ី និង ហូឡង់ឈ្មោះថា Meijer Realty Partners “MRP” ដែលបានវិវត្តពីក្រុមហ៊ុនគ្រួសារ Meijer Family Heritage បង្កើតឡើងតាំងពីកំឡុងឆ្នាំ១៩០០ ក្លាយជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំឈានមុខគេនៅប្រទេសហូឡង់នាឆ្នាំ២០១៣ ហើយបានពង្រីកអាជីវកម្មរបស់ខ្លួនពេញទ្វីបអឺរ៉ុបជាពិសេសភាពជោគជ័យក្នុងប្រទេសក្រិកនាឆ្នាំ២០២១ ថ្មីៗនេះ។
ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរ អ្នកវិនិយោគទាំងអស់ ជោគជ័យក្នុងការប្រកបធុរកិច្ចដែលនឹងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងការទាក់ទាញវិនិយោគបរទេសដោយផ្ទាល់ឱ្យមានកាន់តែច្រើន ៕
ដោយ ៖ ហេង សម្បត្តិ