ស្តុកប្រេងដូងម៉ាឡេស៊ីហក់ឡើងខ្លាំងមិនធ្លាប់មានក្នុង ពេល ៤ ខែ
គូឡាឡាំពួរ៖ និយតករឧស្សាហកម្មបាននិយាយកាលពីថ្ងៃពុធថា ស្តុកប្រេងដូងរបស់ប្រទេសម៉ាឡេស៊ីបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងពេល ៤ខែគិតមកទល់ខែមិថុនា ដោយសារតែការនាំចេញធ្លាក់ចុះ បើធៀបនឹងការផលិត។
ក្រុមប្រឹក្សាប្រេងដូងម៉ាឡេស៊ី (MPOB) បាននិយាយថា ស្តុកប្រេងដូងរបស់ប្រទេសម៉ាឡេស៊ីគិតមកទល់ចុងខែមិថុនា បានកើនឡើង ៤.៣៥ភាគរយ ដល់ ១.៨៣លានតោន ដែលនេះជាចំនួនខ្ពស់បំផុតចាប់តាំងពីខែកុម្ភៈមក។
ការកើនឡើងស្តុកប្រេងដូងម៉ាឡេស៊ី ដែលជាប្រទេសផលិតប្រេងដូងធំជាងគេទីពីររបស់ពិភពលោកបន្ទាប់ពីឥណ្ឌូនេស៊ី នឹងដាក់សម្ពាធលើទីផ្សារនាពេលអនាគត ដែលបានធ្លាក់ចុះជាង ៤ភាគរយក្នុងរយៈពេលពីរថ្ងៃមកនេះ។
ផលិតកម្មប្រេងដូងឆៅបានធ្លាក់ចុះ ៥.២៣ភាគរយ កាលពីខែឧសភា ដល់ ១.៦២លានតោន ខណៈដែលការនាំចេញប្រេងដូងបានធ្លាក់ចុះ ១២.៨២ភាគរយ ដល់ ១.២១លានតោន។
ការស្ទាបស្ទង់មតិរបស់កាសែតរ៉យទ័រ បានព្យាករណ៍ថា ស្តុកប្រេងដូងអនាគត នឹងកើនឡើងដល់ ១.៨៣លានតោន ជាមួយនឹងទិន្នផល ១.៦២លានតោន និងការនាំចេញ ១.២៤លានតោន៕
ប្រភព: The Star ប្រែសម្រួលដោយ: ឈឹម ទីណា