សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីរួមចំណែកប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលខ្ពស់ គឺចាំបាច់មានប្រព័ន្ធអេកូទិន្នន័យរឹងមាំមួយ ដែលមានសសរស្តម្ភសំខាន់បី

(ភ្នំពេញ)៖ យោងតាមសារលិខិតក្នុងទិវាប្រជាជនពិភពលោក លើកទី៣៥ អបអរសាទរខួប៣០ឆ្នាំ នៃវត្តមានរបស់ UNFPA នៅកម្ពុជា និងខួប៣០ឆ្នាំនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ ដែលទទួលបាននៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានបញ្ជាក់ថា ដើម្បីរួមចំណែកប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលខ្ពស់ គឺចាំបាច់មានប្រព័ន្ធអេកូទិន្នន័យរឹងមាំមួយ ដែលមានសសរស្តម្ភសំខាន់បី ក្នុងនោះរួមមាន៖

(១) ទំនើបភាវូបនីយកម្មហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ និងឌីជីថលភាវូបនីយកម្ម តាមរយៈការវិនិយោគ បន្ថែមទៅលើហេដ្ឋារចនាសម្ព័ន្ធដែលទំនើប និងធនធានមនុស្សដែលអាចឱ្យយើងប្រមូល រក្សាទុក និងវិភាគទិន្នន័យប្រកបដោយប្រសិទ្ធភាព ត្រឹមត្រូវ និងដែលអាចយកមកប្រើប្រាស់បាន។ (២) ការបណ្តុះបណ្តាលអក្ខរកម្មទិន្នន័យ តាមរយៈការបង្កើនសមត្ថភាពដល់ប្រជាពលរដ្ឋ ក្នុងការយល់ដឹង និងប្រើប្រាស់ទិន្នន័យឱ្យបានត្រឹមត្រូវ។ ការជំរុញអក្ខរកម្មទិន្នន័យនេះ អាចផ្តល់លទ្ធភាពដល់ ប្រជាពលរដ្ឋឱ្យយល់ដឹងពីស្ថានភាពរបស់ខ្លួន គ្រួសារ និងសហគមន៍ ដើម្បីស្វែងរកការគាំទ្រ និង ចូលរួមរៀបចំអនាគតសហគមន៍របស់ខ្លួន។ (៣) ការលើកកម្ពស់ក្រមសីលធម៌ទិន្នន័យតាមរយៈការធ្វើឯកជនភាពទិន្នន័យ ដោយប្តេជ្ញាអនុវត្ត ការការពារសិទ្ធិយ៉ាងមុតមាំ ដូចជាច្បាប់ការពារទិន្នន័យតឹងរ៉ឹង និងសុវត្ថិភាពប្រព័ន្ធរក្សាទុកទិន្នន័យ ដើម្បីការពារឯកជនភាពនៃពលរដ្ឋកម្ពុជាគ្រប់រូប។ កិច្ចការនេះ លើកកម្ពស់ទំនុកចិត្ត និងធានានូវ ការប្រើប្រាស់ទិន្នន័យប្រកបដោយការទទួលខុសត្រូវខ្ពស់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រជាជន គឺជាស្នូលនៃការអភិវឌ្ឍ។ ការផ្តល់សេវាសង្គមចាំបាច់ដល់ប្រជាជន ដូចជាការអប់រំ ការថែទាំ សុខភាព ការងារ ការបង្កើនភាពអង់អាចដល់ស្ត្រី និងសេវាសង្គមផ្សេងទៀត គឺជាមូលដ្ឋានគ្រឹះនៃការកសាង មូលធនមនុស្ស ដើម្បីសម្រេចបាននូវសក្តានុពលពេញលេញក្នុងការទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពី ភាគលាភប្រជាសាស្ត្រដែលកម្ពុជាកំពុងមាន។

សម្ដេចធិបតី បានបន្តថា ក្រោមភាពជាដៃគូជិតស្និទ្ធជាមួយនឹងស្ថាប័នអង្គការសហប្រជាជាតិនៅក្នុងប្រទេសកម្ពុជា យើងប្តេជ្ញាឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ ដោយប្រើប្រាស់ឱ្យមានប្រសិទ្ធភាពនូវធនធានរួម ផ្តល់ជំនួយបច្ចេកទេស និងពង្រឹងយន្តការសម្របសម្រួល ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពទិន្នន័យនិងការប្រើប្រាស់សម្រាប់ការធ្វើសេចក្តីសម្រេចដោយផ្អែកលើភស្តុតាង និងការពិនិត្យ តាមដាន និងវាយតម្លៃវឌ្ឍនភាព ឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនាឆ្នាំ២០៣០ ។

សម្ដេចនាយករដ្ឋមន្ត្រី សូមលើកទឹកចិត្តដល់ក្រសួងផែនការ ដោយសហការជាមួយនឹង អង្គការ UNFPA និងស្ថាប័នពាក់ព័ន្ធ បន្តរៀបចំទិវាប្រជាជនពិភពលោក ឱ្យបានជារៀងរាល់ឆ្នាំ ដើម្បីចូលរួម អបអរសាទរ និងរំឭកដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តផ្តោតការយកចិត្តទុកដាក់ និងរួមគ្នាដោះស្រាយ បញ្ហាប្រជាជនដែលកំពុងកើតមាននាពេលបច្ចុប្បន្ន និងដែលអាចកើតមាននាពេលអនាគត ដោយចាត់ទុកប្រជាជនជាមធ្យោបាយនៃការអភិវឌ្ឍផងនិងជាគោលដៅចុងក្រោយនៃការអភិវឌ្ឍផង ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner