ឆ្នាំនេះជាឆ្នាំដំបូងដែលយុវជនកាកបាទក្រហមកម្ពុជាចាប់ផ្តើមយុទ្ធនាការដាំដើមឈើនៅក្រុងសៀមរាប
សៀមរាប៖កូនឈើចំនួនមួយពាន់ដើម ត្រូវបានដាំតាមបណ្តោយវិថីព្រះនរោត្តមសីហមុនី ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ក្នុងសប្ដាហ៍នេះ ដោយយុវជនកាកបាទក្រហមកម្ពុជាដើម្បីអបអរសាទរខួបលើកទី៧២ រុក្ខទិវា ៩ កក្កដា ២០២៤ក្រោមប្រធានបទ« ព្រៃឈើដើម្បីប្រជាជន និងការអភវិឌ្ឍដោយចិរភាព» ។
ក្នុងកម្មវិធីដែលរៀបចំដោយកាកបាទក្រហមកម្ពុជា និងអាជ្ញាធរជាតិអប្សរាលោក ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជាមានប្រសាសន៍ថា ថ្ងៃនេះគឺជាថ្ងៃដំបូង ឆ្នាំដំបូងនៃការចាប់ផ្តើម ដោយយុវជនកាកបាទក្រហមកម្ពុជា និងចាប់ផ្តើមយុទ្ធនាការដាំដើមឈើឱ្យបាន១០០០ដើមក្នុងមួយឆ្នាំរៀងរាល់ឆ្នាំ ។លោកបន្តថា ការដាំដើមឈើ នៅក្នុងយុទ្ធនាការនេះ គឺអនុវត្តតាមផែនការដែលបានដាក់ចេញក្នុងសេចក្តីថ្លែងការណ៍រាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ កាលពីឆ្នាំ២០២៣ កន្លងទៅ និងស្រមតាមប្រធានបទ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍ មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ផងដែរ។
សូមជម្រាបថា ចូលរួមក្នុងសកម្មភាពដាំកូនឈើនេះដែរមានលោកស្រី ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោក ឡុង កុសល់ អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងមានការចូលរួមពីគណៈកម្មាធិការកាកបាទក្រហមកម្ពុជា មកពីសាខា ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ និងខេត្តព្រះវិហារ ផងដែរ៕
ដោយ៖ ប៊ុន រដ្ឋា