ក្រសួងបរិស្ថានបង្ហាញយុទ្ធនាការជំហានទីបីស្តីពី «ការទុកដាក់ និងការញែក​សំរាម» ដែលជាយុទ្ធសាស្រ្តភាពស្អាត នៅកម្ពុជាឆ្នាំ២០២៥

(ភ្នំពេញ)៖ នាពេលដ៏ខ្លីខាងមុខនេះ ក្រសួងបរិស្ថាននឹងដាក់ចេញនូវយុទ្ធនាការ ជំហានទីបី នោះគឺ «ការទុកដាក់ និងការញែកសំរាម» ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាយើង ទទួលបានភាពស្អាត តាមដងវីថិ និងតាមទីសាធារណៈគ្មានសំរាម ជាពិសេសសំរាមប្លាស្ទិក នៅឆ្នាំ២០២៥។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តី ក្រសួងបរិស្ថាន។

ការថ្លែងបញ្ជាក់នេះធ្វើឡើងក្នុងពិធីបើក ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ មុខទីស្ដីការក្រសួងបរិស្ថាន។

រដ្ឋមន្រ្តីក្រសួងបរិស្ថានបានលើកឡើងថា៖” យុទ្ធនាការ ដែលក្រសួងដាក់ចុះខាងលើ គឺចាប់ផ្ដើមឡើងជាមួយសិស្សានុសិស្ស កម្មករ និងកម្មការិនី ដើម្បីបណ្ដុះពន្លកនៃភាពស្អាតក្នុងផ្នត់គំនិតរបស់ពួកគាត់ ដើម្បីភាពស្អាត ដែលនឹងទទួវលបាន គឺសម្រាប់រយៈពេលវែង ។ កាលបើសិស្សានុសិស្ស យុវជន កម្មករ និងកម្មការិនី គាត់ឈប់ប្រើ ឬកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកហើយ កូនគាត់ ចៅគាត់ ក៏ឈប់ប្រើថង់ប្លាស្ទិកជាច្រើនជំនាន់តរៀងទៅ”។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ថ្លែងថា សរសរស្ដម្ភទីមួយ នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺភាពស្អាត ដែលសំដៅធ្វើយ៉ាងណាឱ្យផ្ទះរបស់យើង សង្គមយើង ប្រទេសយើងមានភាពស្អាត ដើម្បីសុខមាលភាពប្រជាពលរដ្ឋផង ដើម្បីបង្កបរិយាកាសស្រស់ស្រាយស្អាត មានសណ្តាប់ធ្នាប់ល្អទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនមកកម្ពុជាផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា កាលបើផ្ទះយើង ឬប្រទេសយើងមិនមានភាពស្អាត ពោរពេញដោយសំរាមពាសវាលពាសកាល ច្បាស់ណាស់ថា ប្រជា-ពលរដ្ឋយើងមិនមានសុខុមាលភាព ហើយក៏មិនមានភ្ញៀវណាម្នាក់ចង់មកលេងផ្ទះយើង ឬប្រទេសយើងនោះដែរ។

គួរបញ្ជាក់ថាបន្ទាប់ពីទទួលបានជោគជ័យពីយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» រួចមកក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការជំហានទី២ ដែលជាយុទ្ធនាការអនុវត្ត នោះគឺ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលជាយុទ្ធនាការអនុវត្តរួមគ្នារើសសំរាមប្លាស្ទិក សម្អាតតាមដងវីថិ តាមទីសាធារណៈ ជុំវិញបរិវេណផ្ទះ រោងចក្រសហគ្រាស សាលារៀន និងនៅតាមទីអារាមផងដែរ។ ជាថ្មីម្ដងទៀត យុទ្ធនាការនេះ កំពុងទទួលបានជោគជ័យគួរជាទីមោទនៈ ដោយរយៈពេលត្រឹមតែជិត២ខែតែប៉ុណ្ណោះ បានទទួលការគាំទ្រ និងចូលរួមពីសំណាក់អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ចូលរួមចំនួន ៣៨៥ឃុំ/សង្កាត់ ៧៦ក្រុង/ស្រុក/ខណ្ឌ និង ១៦រាជធានី/ខេត្ត។ សម្រាប់យុទ្ធនាការទី៣ស្តីពី «ការទុកដាក់ និងការញែកសំរាម»នេះក៏ត្រូវបានគេរំពឹងថានឹងទទួលបានជោគជ័យដូចគ្នាផងដែរ ៕

អត្ថបទ ៖ម៉ាដេប៉ូ
រូបភាព ៖ លោកសួង ពិសិដ្ឋ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner