ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញចូលរួមរុក្ខទិវា និងឧបត្ថម្ភថវិកាបន្ថែមកសាងស្ពានព្រៃក្រាំង
កំពង់ឆ្នាំង៖ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីរុក្ខទិវាដែលប្រារព្ធនៅភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីនិងជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទបានអំពាវនាវឱ្យមានការចូលរួមនិងដាំព្រៃឈើឱ្យបានកាន់តែច្រើនឡើង។
ឯកឧត្តមមានប្រសាសន៍ថា ព្រៃឈើមានសារៈសំខាន់ណាស់។ យើងត្រូវចូលរួមថែរក្សាព្រៃឈើដែលមានស្រាប់ និងដាំឡើងវិញនូវដីព្រៃឈើដែលរិចរិល ,តាមទីសាធារណៈ,សាលារៀន វត្តអារាម លំនៅឋានជាដើម។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ខេត្តកំពង់ឆ្នាំងបានប្រារព្ធរុក្ខទិវាចាប់តាំងពីឆ្នាំ១៩៩២ មកដល់ឆ្នាំ២០២៤មានចំនួន២៩ លើក ដោយបានដាំដើមឈើនៅតាមបណ្ដាស្រុក ក្រុងទូទាំងខេត្ត ដោយបានបង្កើតសួនរុក្ខទិវាចំនួន ១១៦ ហិកតា។
ក្នុងឱកាសនេះឯកឧត្តមបានប្រគល់ថវិកាកសាងស្ពានព្រៃក្រាំងដែលបានសាងសង់រួចរាល់ជាសា្ថពរចំនួន២០លានរៀល ។ស្ពាននេះក៏ជាចំណងដៃជូនដល់ឃុំចំនួនពីរ គឺឃុំជ្រៃបាក់ និងឃុំរលាប្អៀរ៕
ដោយ៖ សុខ គឹមសៀន