JMAS សរសើរ CMAC ដែលបានបោសសម្អាតមីន ប្រកបដោយជំនាញវិជ្ជាជីវៈ និងវិន័យខ្ពស់
(ភ្នំពេញ)៖ ប្រធានអង្គការ JMAS របស់ជប៉ុន កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកងកម្លាំងរបស់ CMAC ដែលបានខិតខំបំពេញការងារក្នុងវិស័យបោសសម្អាតមីនប្រកបដោយជំនាញវិជ្ជាជីវៈ និងវិន័យខ្ពស់ ។
ក្នុងឱកាសនៃជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១១កក្កដា ឯកឧត្តម នាយឧត្តមសេនីយ៍ YAMAZAKI Koji ប្រធានអង្គការសកម្មភាពកម្ចាត់មីនជប៉ុន(JMAS) និងជាអតីតអគ្គសេនាធិការចម្រុះកងទ័ព ស្វ័យការពារជប៉ុន បានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តី កម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអង្គការ JMAS ជាមួយនឹងបណ្ដាស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា លើសកម្មភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការជួយទៅដល់ប្រជាជន ដែលបានរងគ្រោះពីគ្រាប់មីន និងសកម្មភាពផ្សេងៗ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានគោរពជម្រាបជូនសម្តេចធិបតីអំពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការរវាងអង្គការ JMAS ជាមួយនឹងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ដែលបានផ្ដល់នូវកិច្ចសហការយ៉ាងល្អប្រសើរលើសកម្មភាពជាច្រើន ដូចជាសកម្មភាពនៃការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលសម្រេចបានលើផ្ទៃដី សរុបជាង ៦.០០០ហិកតា និងការរុករកឃើញ និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ២០.០០០ គ្រាប់ ដោយក្នុងនោះ ឯកឧត្តម ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំង CMAC របស់កម្ពុជាដែលបានខិតខំបំពេញការងារក្នុងការសហការជាមួយ JMAS ប្រកបដោយជំនាញវិជ្ជាជីវៈ ការទទួលខុសត្រូវនិងវិន័យខ្ពស់។
ក្រៅពីសកម្មភាពបោសសម្អាតមីន JMAS ក៏បានចូលរួមចំណែក ក្នុងសកម្មភាព ផ្សេងៗមួយចំនួនទៀត ដូចជាការជួយដល់ប្រជាពលរដ្ឋ ក្នុងវិស័យកសិកម្ម និងអប់រំ តាមរយៈការផ្តល់បច្ចេកទេស ដើម្បីបង្កើនទិន្នផល, ការបង្កើនប្រាក់ចំណូលដល់កសិករ, ការចូលរួមបណ្ដុះបណ្ដាល ដល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីគ្រោះថ្នាក់នៃមីន និងការជម្លៀសខ្លួនចេញពីតំបន់ ដែលមានគ្រាប់មីន, និងការកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនសម្រាប់សហគមន៍ជនបទ ដូចជាសាលារៀននៅតាមបណ្ដាខេត្តមួយចំនួន។
ជាការឆ្លើយតប សម្តេចធិបតី បានអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយគាំទ្រកម្ពុជា ចាប់តាំងពីដំណើរការស្វែងរកសន្តិភាព និងការចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជារហូតដល់ពេលបច្ចុប្បន្ន និងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ក៏ដូចជាសកម្មភាពរបស់ JMAS ជាមួយនឹង CMAC លើសកម្មភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលកិច្ចការនេះបានរួមចំណែកក្នុងការជួយទៅដល់ប្រជាជនកម្ពុជា ដែលបានរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ទុកពីសង្គ្រាម ក៏ដូចជាការចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។
ទន្ទឹមនោះ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ផងផែរថា ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ គឺជាគោលដៅចម្បង របស់រាជរដ្ឋាភិបាលចាប់តាំងពីនីតិកាលមុនៗ ហើយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់ក្នុងការបន្តសកម្មភាពបោះសម្អាតមីន ដោយសម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ ១៩៩២ មក ប្រទេសកម្ពុជាបានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមលើផ្ទៃដីជាង ៣.០០០ គីឡូម៉ែត្រការ៉េ ហើយកម្ពុជានឹងខិតខំបន្តការបោសសម្អាតមីន ប្រមាណជាង ១.៧០០ គីឡូម៉ែត្រការ៉េ បន្ថែមទៀត។
សម្តេចធិបតី បានលើកទឹកចិត្តឱ្យ JMAS បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រតិបត្តិករបោសសម្អាតមីននៅកម្ពុជា ដូចជា CMAC និងអង្គភាពពាក់ព័ន្ធមួយចំនួនបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការបោះសម្អាតមីនលើផ្ទៃដីដែលនៅសេសសល់។ ទន្ទឹមនោះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងការបោសសម្អាតមីនជាមួយភាគីជប៉ុន ទាំងក្នុងកិច្ចសហប្រតិបត្តិការនៅកម្ពុជា និងការចូលរួមសកម្មភាពមនុស្សធម៌បោសសម្អាតមីននៅតាមប្រទេសផ្សេងៗ ។
សូមរំលឹកថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងអង្គការ JMAS ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ លើគម្រោងគាំទ្រ ការបោសសម្អាតមីន និងអភិវឌ្ឍន៍តំបន់បោសម្អាតមីនរួច ស្ថិតក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងគម្រោងគាំទ្រការបោសសម្អាតតំបន់គ្រាប់បែកចង្កោម ក្នុងខេត្តស្ទឹងត្រែង ។
គម្រោងទាំង២ ជាការផ្តល់ជំនួយឥតសំណង មានថវិកាសរុបចំនួន ៤៩៩,១៣៥.១០ដុល្លារអាមេរិក សម្រាប់រយៈពេល ១២ខែ ចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ដោយនេះជាឆ្នាំទី៣ នៃការអនុវត្តគម្រោង ដែលមានផែនការបោសសម្អាតផ្ទៃដីចម្ការមីន/គ្រាប់ ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តស្ទឹងត្រែង សរុបចំនួន ៦៣០ហិកតា។
ការអនុវត្តគម្រោងខាងលើសម្រាប់ឆ្នាំទី១ និងឆ្នាំទី២ កន្លងទៅនេះ អង្គភាព CMAC សម្រេចបានរំដោះផ្ទៃដីចម្ការមីន/គ្រាប់សរុបចំនួន ១,១៨៥ហិកតា រុករកឃើញ និងកម្ទេចចោល១,៦៧១គ្រាប់។ ប្រជាពលរដ្ឋទទួលផលដោយផ្ទាល់ និងដោយប្រយោល ពីការអនុវត្តគម្រោងនេះមានចំនួន ៦៤,០១៩នាក់ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ