ទីបំផុត! បារាំងដាក់ដំណើរការតាក់ស៊ីហោះ ចុះចតនៅឯទន្លេ Seine
ប៉ារីស៖ នៅឯទន្លេ River Seine ក្បែរស្ថានីយរថភ្លើង ស្ថិតក្នុងទីក្រុងប៉ារីស ជាចំណតសម្រាប់តាក់ស៊ីហោះ ខណៈដែលយានប្រភេទនេះ ត្រូវបានបារាំងត្រៀមប្រើប្រាស់ នៅក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស ចាប់ពីថ្ងៃ ២៦ ខែកក្កដា ដល់ថ្ងៃទី ១១ ខែសីហា។
បើតាមក្រឹត្យផ្លូវការ របស់រដ្ឋាភិបាល បានឲ្យដឹងថា ចំណតនេះប្រើជាបណ្តោះអាសន្ន ពោលគឺរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ បន្ទាប់ពីមានការពន្យាពេលជាច្រើនខែ ជុំវិញភាពស្ទាក់ស្ទើរ លើការប្រើតាក់ស៊ីហោះ ក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិ។ ការហោះហើរត្រូវបានកំណត់រយៈពេលធ្វើដំណើរ ព្រមទាំង អាចហោះចន្លោះម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ ល្ងាច ក្នុងរយៈពេលសាកល្បង។
ក្រុមហ៊ុនឯកជនចំនួនពីរ បានសហការគ្នា ក្នុងគម្រោងតាក់ស៊ីហោះនេះ រួមមានប្រតិបត្តិករអាកាសយានដ្ឋានប៉ារីស ADP និងក្រុមហ៊ុនអាល្លឺម់ង់ Volocopter ។ ដោយមានកៅអីចំនួនពីរ តាក់ស៊ីហោះ Volocity ដើរដោយថាមពលអគ្គិសនី។ អ្នកគាំទ្រលើកឡើងថា តាក់ស៊ីហោះជាទម្រង់អាកាសចរណ៍កាបូនទាប ហើយសង្ឃឹមថា នៅពេលអនាគត ជាមួយនឹងការអភិវឌ្ឍជាបន្តបន្ទាប់ តាក់ស៊ីហោះ អាចប្រើជាយានសង្គ្រោះបន្ទាន់ ឬ ក្នុងតួនាទី ផ្សេងៗទៀត។ ប៉ុន្តែមន្ត្រីទីក្រុងប៉ារីសខ្លះ បានចំអកផែនការនេះថា មានគ្រោះថ្នាក់ដល់បរិស្ថាន៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត