ដេញថ្លៃគ្រោងឆ្អឹងដាយណូស័រ អាយុ១៥០លានឆ្នាំ
អាមេរិក៖ គ្រោងឆ្អឹងសត្វដាយណូស័រ Stegosaurus ដ៏ធំបំផុត មានអាយុកាលប្រហែល១៥០លានឆ្នាំ ត្រូវបានគេរំពឹងថា នឹងលក់បានតម្លៃរាប់លានដុល្លារ អំឡុងការដេញថ្លៃ នៅសហរដ្ឋអាមេរិក នាសប្តាហ៍ក្រោយ។
ហ្វូស៊ីល កម្ពស់៣.៣ម៉ែត្រ ប្រវែងជាង៨ម៉ែត្រមួយនេះ ត្រូវបានដាក់តាំងបង្ហាញ នៅឯសាជីវកម្មពហុជាតិរបស់អាមេរិក Sotheby’s បង្កើតឡើងដោយអង់គ្លេស មានទីស្នាក់ការនៅក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃពុធ ហើយត្រៀមនឹងដាក់លក់ដេញថ្លៃ នៅថ្ងៃទី ១៧ ខែកក្កដា។
ប្រធានផ្នែកវិទ្យាសាស្ត្រ និងវប្បធម៌ នៅ Sotheby’s បានប្រាប់ AFP ថា «វាជាសត្វដ៏កម្របំផុត ទំហំពេញលេញបែបនេះ គឺអស្ចារ្យ» ។ ការដេញថ្លៃ ត្រូវបានប៉ាន់ប្រមាណតម្លៃ ចន្លោះពី ៤ ទៅ ៦លានដុល្លារ។
កាលពីឆ្នាំ២០២០ គ្រោងឆ្អឹង ដាណូស័រ Tyrannosaurus Rex ត្រូវបានលក់ក្នុងតម្លៃបំបែកកំណត់ត្រា ជាង៣១លានដុល្លារអាមេរិក។ ការដេញថ្លៃលក់បែបនេះ កើតមានជាញឹកញាប់ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែ ទទួលការរិះគន់ពីអ្នកបុរាណវិទូ។ ពួកគេលើកហេតុផលថា គ្រោងឆ្អឹងទាំងនេះ គួរតែត្រូវបានរក្សាទុក នៅក្នុងសារមន្ទីរ ឬ កន្លែងសាធារណៈផ្សេងទៀត មិនគួរលក់ទៅឱ្យ ឯកជននោះទេ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត