ថៃជាប់ជាគោលដៅទេសចរណ៍កំពូលនៅអាស៊ាន ប្រចាំឆ្នាំ២០២៤
បាងកក៖ ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី១ជាគោលដៅទេសចរណ៍ពេញនិយមបំផុតនៅអាស៊ាន និងទី៨ ក្នុងបញ្ជីចំណោមប្រទេស ៥០ របស់ពិភពលោក។ ថៃរំពឹងថា នឹងមានភ្ញៀវជាង ៣៩លាននាក់ លើសប្រទេស ម៉ាឡេស៊ី និងវៀតណាម។
ម៉ាឡេស៊ីបានជាប់ចំណាត់ថ្នាក់ទី១៤ ខណៈដែលការមកដល់របស់ភ្ញៀវទេសចរបរទេសត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ ២៦.១លាននាក់នៅឆ្នាំនេះ ខណៈវៀតណាមជាប់ចំណាត់ថ្នាក់ទី ២១, ឥណ្ឌូនេស៊ីទី២៧ និងសិង្ហបុរីទី២៨។ នេះបើយោងតាមការចេញពីគេហទំព័រ WP Travel។
បណ្តាប្រទេសអាស៊ានកំពុងប្រណាំងគ្នា បន្ធូរបន្ថយគោលនយោបាយទិដ្ឋាការ សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ក្នុងគោលបំណងស្តារវិស័យទេសចរណ៍ក្នុងតំបន់ឡើងវិញ។
តួយ៉ាង ថៃ ទទួល បាន ភ្ញៀវ ទេសចរ ១៧ លាន នាក់ ក្នុង ឆមាស ទី ១ ឆ្នាំ២០២៤នេះ ខណៈដែលវៀតណាមទទួលបានភ្ញៀវអន្តរជាតិចំនួន ៨.៨លាននាក់ កើនឡើង ៥៨ភាគរយ ដោយជនជាតិកូរ៉េខាងត្បូង និងចិនឈរនៅលំដាប់កំពូលក្នុងបញ្ជីភ្ញៀវទេសចរណ៍។
នៅឆ្នាំនេះ វៀតណាមត្រូវបានគេព្យាករថា នឹងមានភ្ញៀវជនបរទេសចំនួន ១៨លាននាក់ ស្មើនឹងកម្រិតមុនពេលផ្ទុះជំងឺកូវីដ ខណៈដែលឥណ្ឌូនេស៊ី និងសិង្ហបុរី នឹងទទួលបានការមកដល់ចំនួន ១៥លាន៥សែននាក់ និង ១៥លាន១សែននាក់ រៀងគ្នា៕
ប្រភព៖ VNExpress ប្រែសម្រួលដោយ: ឈឹម ទីណា