ចិន-ប៉ូឡូញបើកដំណើរការផ្លូវដែកដំបូង
ប៉េកាំង៖ ចិន និងប៉ូឡូញ ថ្មីៗនេះបានដាក់ឲ្យដំណើរការផ្លូវដែកឆ្លងប្រទេសជាលើកដំបូងដែលនេះជាផ្នែកមួយនៃគម្រោងបម្រើដល់គោលបំណងពង្រឹងពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងវ៉ាសូវី។
គម្រោងនេះ ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន ដែលបានចាប់ផ្តើមជាងមួយទសវត្សរ៍មុន ហើយត្រូវបានគេចាត់ទុកថា ជាការបង្កើតឡើងវិញនូវផ្លូវសូត្របុរាណរវាងអឺរ៉ុប និងអាស៊ី។
ការតភ្ជាប់ផ្លូវដែកដែលទើបនឹងបើកដំណើរការនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ទីក្រុងប៉េកាំង ក្នុងការពង្រីកខ្សែបណ្តាញពាណិជ្ជកម្មរបស់ខ្លួន។ អ្នកវិភាគបាននិយាយថា វាក៏អាចផ្តល់ឱ្យអឺរ៉ុបនូវយុទ្ធសាស្រ្តថ្មី ក្នុងការនាំចេញផលិតផលទៅកាន់ប្រទេសអាស៊ីផងដែរ។
គួរបញ្ជាក់ថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំទីពីររបស់ប៉ូឡូញ បន្ទាប់ពីប្រទេសអាល្លឺម៉ង់ ហើយប៉ូឡូញគឺជាដៃគូពាណិជ្ជកម្មកំពូលរបស់ប្រទេសចិននៅអឺរ៉ុបកណ្តាល និងខាងកើត។
យោងតាមទិន្នន័យគយរបស់ចិន ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ ២០២៤ ការនាំចូលរបស់ចិនពីប៉ូឡូញបានថយចុះ ០.៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ខណៈដែលការនាំចេញរបស់ចិនទៅកាន់ប៉ូឡូញកើនឡើង ២ភាគរយ។
ជាលទ្ធផល ឱនភាពពាណិជ្ជកម្មរបស់ប៉ូឡូញជាមួយចិន បានកើនឡើង ០.៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដល់ ១៣.៦ពាន់លានដុល្លារ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២៤។ នេះបើតាមប្រភពពីគេហទំព័រ china briefing៕
ប្រភព÷ Euronews ប្រែសម្រួលដោយ÷ ឈឹម ទីណា