Apple ដណ្តើមតំណែងកំពូលមកវិញ ជាក្រុមហ៊ុនថ្លៃបំផុតលើលោក
វ៉ាស៊ីនតោន៖ ក្រុមហ៊ុនអេឡិចត្រូនិកអាមេរិក Apple កាលពីថ្ងៃពុធ ដណ្តើមបានតំណែងកំពូលរបស់ខ្លួនមកវិញ ក្នុងនាមជាក្រុមហ៊ុនថ្លៃបំផុតរបស់ពិភពលោក ជាមួយនឹងមូលធនប័ត្រទីផ្សារជាង ៣.៥ពាន់ពាន់លានដុល្លារ នេះបើយោងតាមទិន្នន័យពីគេហទំព័រ Nasdaq។
គិតត្រឹមម៉ោង ៦និង៣០ល្ងាចថ្ងៃពុធម្សិលមិញ (ម៉ោងក្នុងតំបន់) ភាគហ៊ុនរបស់ Apple កើនឡើង ១.៤ភាគរយ ជិត ២៣២ដុល្លារក្នុងមួយហ៊ុន ដែលនាំឱ្យតម្លៃទីផ្សាររបស់ខ្លួន ដល់ ៣.៥៤៣ពាន់ពាន់លានដុល្លារ ក្លាយជាក្រុមហ៊ុនថ្លៃបំផុតមិនធ្លាប់មាន។
កំណត់ត្រាពីមុនដែលជារបស់គូប្រជែងផ្នែកបច្ចេកវិទ្យា គឺក្រុមហ៊ុន Microsoft មានតម្លៃត្រឹមតែ ៣.៤៧៥ពាន់ពាន់លានដុល្លារប៉ុណ្ណោះ កាលពីថ្ងៃទី០៥ ខែកក្កដា។ ក្រុមហ៊ុន Apple បានបាត់បង់តំណែងរបស់ខ្លួន ជាក្រុមហ៊ុនថ្លៃបំផុតរបស់ពិភពលោក ទៅឱ្យ Microsoft កាលពីខែមករា បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកនេះ បញ្ចេញមុខងារ AI កាលពីឆ្នាំមុន។
ទោះបីជាយ៉ាងណាក៏ដោយ ភាគហ៊ុនរបស់ Apple បានចាប់ផ្តើមកើនឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីក្រុមហ៊ុននេះ បានបើកបង្ហាញ ‘Apple Intelligence’ ដែលជាបណ្តុំនៃមុខងារ AI ថ្មីរបស់ខ្លួនកាលពីថ្ងៃទី១០ ខែមិថុនា៕
ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា