អភិបាលរាជធានីភភ្នំពេញ ឱ្យបញ្ចេញគ្រឿងចក្រធ្វើការកាយប្រឡាយតាម​បណ្តោយ​ផ្លូវជាតិលេខ៣ ឱ្យបានធំទូលាយ

(ភ្នំពេញ)៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ កក្កដានេះបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ពាក់ពន្ធ័ចុះទៅពិនិត្យមើលប្រឡាយ ស្ថានីយ៍បូមទឹកបឹងទំពន់ ប្រឡាយស្ថានីយ៍លូប្រាំ ជាមួយនិងការពិនិត្យ វឌ្ឍនភាពនៃការដ្ឋានដាក់លូ បុកស៊ីផាយនិងការស្តារប្រឡាយមេ ដែលស្ថិតក្នុងគម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញចំនួន ១៣គម្រោង ដែលបាន និងកំពុងអនុវត្ត ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ៖ គម្រោងសំដៅបញ្ចប់ បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី នៅរាជធានីភ្នំពេញមានចំនួន ៥០គម្រោង ហើយគម្រោងដែលកំពុងអនុវត្ត មាន ១៣គម្រោង ។

ឯកឧត្ដឃួង ស្រេង ក៏បានណែនាំឱ្យ បញ្ចេញគ្រឿងចក្រធ្វើការកាយប្រឡាយតាមបណ្តោយផ្លូវជាតិលេខ៣ អោយបានធំទូលាយ និងមិនអនុញ្ញាត្តិអោយមានការ កាយដាក់លូតូចៗ ខុសស្តង់ដាបច្ចេកទេសឡើយ ដែលវានឹងនាំអោយស្ទះផ្លូវទឹក ដែលបង្កអោយមានការលិចលង់ដោយជំនន់ទឹកភ្លៀង។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា៖ គម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមានចំនួន ៥០គម្រោង ហើយគម្រោងដែលត្រូវអនុវត្តមានចំនួន ២៣គម្រោង ។ តែសម្រាប់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តចំនួន ១៣គម្រោង ។

លោក សាំ ពិសិដ្ឋ បានបន្តថា៖ ចំពោះគម្រោងទាំង ១៣នេះ ជាគម្រោងដែលបាន និងកំពុងអនុវត្តក្នុងតំបន់ងាយរងគ្រោះដោយការលិចលង់ជាងគេ ដែលមានដូចជា តំបន់ជុំវិញស្ថានីយ៍បូមទឹកលូប្រាំ,តំបន់ជុំវិញស្ថានីយ៍បូមទឹកបឹងទំពុន,តំបន់ជុំវិញស្ថានីបូមទឹកបឹងត្របែកជាដើម។

តំណាងក្រុមហ៊ុនភ្នំពេញព្រីខាសផ្លេនដែលទទួល អនុវត្ដការងារ បុកស៊ីផាយ និងដាក់លូជ្រុង បានឱ្យដឹងថា៖មកដល់ពេលនេះការងារទាំងមូលសម្រេច បាន១៦ ភាគរយហើយ លើការងារស្ដារ បុកស៊ីផាយប្រឡាយ រំដោះទឹកនិងដាក់លូជ្រុហនៅរាជធានីភ្នំពេញ ។

គួរបញ្ជាក់ថា៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ សំដៅបញ្ចប់ បញ្ហាទឹកជន់លិចរាជធានីភ្នំពេញក្នុងរយៈពេល ៥ឆ្នាំ ក្រោយបញ្ចប់គម្រោងនេះរាជធានីភ្នំពេញនឹងលែងលិចលង់ ជាមួយនិងការសាទរពីប្រជាពលរដ្ឋ។ ចំណែកគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោដែលជាគម្រោងប្រវត្តិសាស្រ្តលើកដំបូងនៅកម្ពុជា គម្រោងនេះក៏ជាផ្នែកដ៏សំខាន់មួយក្នុងការរំដោះទឹកភ្លៀងចេញពីរាជធានីភ្នំពេញផងដែរ ៕

ដោយ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner