ខណ្ឌច្បារអំពៅ ជំរុញការងារលុបបំបាត់ សកម្មភាពក្មេងទំនើង និងពង្រឹង​វិន័យ​បទបញ្ជាផ្ទៃក្នុងរបស់សាលាឲ្យមានប្រសិទ្ធភាព

(ភ្នំពេញ)៖ ក្នុងគោលដៅលុបបំបាត់ សកម្មភាពក្មេងទំនើង និងពង្រឹង​វិន័យ​បទបញ្ជាផ្ទៃក្នុងរបស់សាលាឲ្យមានប្រសិទ្ធភាព នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ លោកចេងមុនីរ៉ាអភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលនិងផ្តល់អនុសាសន៍ ដល់ លោកនាយក លោកគ្រូ អ្នកគ្រូប្រចាំថ្នាក់ ដែល បង្រៀននៅ កម្រិតអនុវិទ្យា​ល័យ​និងវិទ្យាល័យទូទាំងខណ្ឌច្បារអំពៅ នៅវិទ្យាល័យច្បារអំពៅ។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរ ពីលោកលោកស្រីចៅសង្កាត់ទាំង​ប្រាំបី​នាយ​ប៉ុស្តិ៍នគរ​បាលរដ្ឋបាលទាំងប្រាំបីលោកមេបញ្ជាការរង​កងរាជអាវុធ​ហត្ថខណ្ឌ និងលោកអធិការនគរបាលខណ្ឌ រួមទាំងលោកគ្រូ អ្នកគ្រូដែល​បង្រៀននៅកម្រិតអនុវិទ្យាល័យនិងវិទ្យាល័យទូទាំងខណ្ឌច្បារអំពៅប្រមាណជាង២០០នាក់ ។

បន្ទាប់ពី ស្ដាប់ការលើកឡើ​ង របស់លោកនាយកសាលា​និង​គ្រូ​ប្រចាំ​ថ្នាក់​ពីបញ្ហាប្រឈមមួយចំនួនដែលកើតមាននៅក្នុងសាលារួចមក លោកចេងមុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ បានទទួលយកសំណើនិងសំណូមពរដើម្បី​ធ្វើការដោះស្រាយ ។ រួមមាន ការសម្រួលចរាចរណ៍ពេលសិស្សចេញពីសាលា​ដោយ​ឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសហការជាមួយសង្កាត់ ចុះសម្រួល​ចរា​ចរ​ណ៍ ដើម្បីកុំឲ្យមានការកកស្ទះនិងការពារសុវត្ថិភាពសិស្ស និងឲ្យ មាន​ការ​រៀប​ចំជារបាំងចរាចរណ៍ដើម្បីដាក់កាត់ទទឹងផ្លូវពេលសិស្សចេញពីសាលា ។

លោកអភិបាលខណ្ឌបានបន្តថា គណៈគ្រប់គ្រងនៅតាមសាលាទាំងអស់ សូម​​យកចិត្តទុកដាក់ ពង្រឹងវិន័យ លុបបំបាត់សកម្មភាពក្មេងទំនើង កុំឲ្យ​កើត​មានក្នុងសាលា ជាពិសេសតាមដានវត្តមានសិស្សជាប្រចាំបើមានការ​សង្ស័យ​ឬឈប់គ្មានហេតុផលសូមផ្ដល់ព័ត៌មានទៅអាណាព្យាបាល មាតា​បិតាសិស្ស សកម្មភាពក្មេងទំនើងនេះមិនសំដៅថា កើតមាននៅក្នុងសិស្ស​ដែលរៀននោះ​ទេគឺអាចពេលខ្លះ ក្មេងមកពីខាងក្រៅចូលទៅធ្វើសកម្មភាពនៅ​ក្នុងបរិវេណ​សាលា​បើមានការសង្ស័យសូមឲ្យលោកនាយកសាលាទាំងអស់​រាយការណ៍​បន្ទាន់មក គណៈបញ្ជាការឯកភាពខណ្ឌនិងសង្កាត់​ដើម្បីចាត់​វិធាន។

លោកអភិបាលខណ្ឌបាន ណែនាំបន្ថែមដល់លោកនាយកសាលាទាំងអស់និង​លោកគ្រូ អ្នកគ្រូប្រចាំថ្នាក់ សូមបញ្ជ្រាបការយល់ដឹង ពីផលប៉ះពាល់ ដោយ​សារ​គ្រឿងញៀន ពន្យល់ពីបញ្ហាល្បែងស៊ីសង និងបង្រៀន​ពីច្បាប់ចរាចរ។ ពិសេសរួមគ្នាលុបបំបាត់ក្មេងទំនើងកុំអោយកើតមាននៅក្នុងបរិវេណសាលារៀន នេះជាការជួយតម្រងទិសអោយក្មេងៗដើរលើផ្លូវល្អ ជួយការពារទ្រព្យ​សម្បត្តិ​​​ក្រុមគ្រួសារ ជួយឪពុកម្តាយកុំអោយមានការពិបាកចិត្ត ការពារប្រ​ជា​ពលរដ្ឋកុំអោយរស់នៅក្នុងស្ថានភាពភ័យខ្លាច ៕

ដោយ ៖ ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner