អភិបាលខេត្តបន្ទាយមានជ័យរំលឹកដល់រដ្ឋបាលក្រុង ស្រុក ត្រូវប្រើប្រាស់កញ្ចប់ថវិកាឱ្យចំគោលដៅ
បន្ទាយមានជ័យ៖ក្នុងកិច្ចប្រជុំស្ដីពីការរៀបចំយុទ្ធសាស្ត្រនិងកញ្ចប់ថវិកាឆ្នាំ២០២៥របស់រដ្ឋបាល ថ្នាក់ក្រោមជាតិ កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នៅបន្ទប់ប្រជុំសាលាខេត្តឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានណែនាំរដ្ឋបាលក្រុងស្រុក ត្រូវប្រើប្រាស់កញ្ចប់ថវិកាចំគោលដៅអភិវឌ្ឍមូលដ្ឋាន។
ឯកឧត្ដមអភិបាលខេត្តបន្ទាយមានជ័យបន្តថា ចំណូលថវិការដ្ឋបាលខេត្តសម្រាប់រយៈពេលមធ្យម ២០២៥-២០២៧ ត្រូវគិតពីប្រភពចំណូលដែលស្ថិតក្រោមការគ្រប់គ្រង និងប្រមូលផ្ទាល់រួម មានចំណូលបានពីថវិកាជាតិ និងចំណូលពីប្រភពផ្សេងៗ ស្របតាមនីតិវីធី។ ម្យ៉ាង រដ្ឋបាលស្រុកក្រុង ដែលមានប្រភពចំណូលត្រូវរៀបចំដាក់ចេញវិធានការសម្រាប់ ពង្រឹងការគ្រប់គ្រង និងប្រមូលចំណូលថវិការបស់រដ្ឋបាលនីមួយៗ។
ឯកឧត្តមអភិបាលខេត្តបានស្នើដល់រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់នីមួយៗ ត្រូវរៀបចំគម្រោងចំណូល ចំណាយ និងត្រូវខិតខំពង្រឹងនិងជំរុញការប្រមូលចំណូល ឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដោយផ្អែកលើមូលដ្ឋានប្រភពចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ ដែលបានកំណត់ដោយច្បាប់ស្តីពីរបបហិរញ្ញវត្ថុ។ត្រូវប្រើប្រាស់កញ្ចប់ថវិកាឱ្យអស់លទ្ធភាពនិងចំគោលដៅ៕
ដោយ៖ គៀន ច័ន្ទហ៊ីន