ទឹកជំនន់នៅចិន មនុស្ស ៦នាក់ស្លាប់ និងជិត ៧ពាន់នាក់រងផលប៉ះពាល់
ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់មនុស្សចំនួន ៦នាក់បានបាត់បង់ជីវិត នៅពេលមានភ្លៀងធ្លាក់ខ្លាំង បានបង្កជាទឹកជំនន់ជន់លិចភាគនិរតីនៃប្រទេសចិន។
ទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីនហួរបានរាយការណ៍ថា ភ្លៀងធ្លាក់យ៉ាងគំហុកបានវាយប្រហារស្រុក Dianjiang ក្បែរទីក្រុង Chongqing ចាប់តាំងពីយប់ថ្ងៃពុធ ដល់ព្រឹកថ្ងៃព្រហស្បតិ៍ នេះបើយោងតាមប្រភពពីមន្ត្រីស្រុក។ ទីភ្នាក់ងារដដែលបន្តថា មនុស្សជិត ៧,០០០នាក់បានរងផលប៉ះពាល់ដោយសារព្យុះភ្លៀង ហើយមនុស្ស ១៧០នាក់ត្រូវបានប្រាប់ឱ្យជម្លៀសខ្លួនជាបន្ទាន់។ ទឹកភ្លៀងមានកម្ពស់ជិត ៣សង់ទីម៉ែត្រ ត្រូវបានវាស់នៅផ្នែកខ្លះនៃស្រុក Dianjiang ដែលជាកម្រិតអតិបរមាប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើម។
បើតាមទីភ្នាក់ងារស៊ីនហួរ ខេត្តហូណាន ប្រទេសចិន បានជម្លៀសមនុស្ស ៧,៦៨០នាក់ជាបន្ទាន់ ដោយសារតែការបាក់ទំនប់ទឹកនៅស្ទឹង តុងធីង។ មូលហេតុនៃការបាក់ទំនប់នេះ ត្រូវបានអាជ្ញាធរមូលដ្ឋានអះអាងថា បណ្តាលមកពីភ្លៀងធ្លាក់ក្នុងកម្រិតខ្ពស់មិនធ្លាប់មានជាប្រវត្តិសាស្រ្ត។ ភ្លៀងធ្លាក់ខ្លាំងចន្លោះថ្ងៃ១៦ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា គឺជាកម្រិតធ្ងន់ធ្ងរបំផុតក្នុងតំបន់ ឆាងសា, ឆាងទ័រ, យៀកយ៉ាង និងស៊ាំងថាន គិតចាប់តាំងពីកំណត់ត្រាចាប់ផ្តើមសរសេរក្នុងឆ្នាំ១៩៦១។
គួរបញ្ជាក់ថា ចិនកំពុងស៊ូទ្រាំនឹងរដូវក្តៅដែលបង្កឱ្យមានអាកាសធាតុក្តៅខ្លាំង និងភ្លៀងធ្លាក់ខ្លាំងពាសពេញភាគខាងកើត និងខាងត្បូងនៃប្រទេស ខណៈភាគខាងជើងក៏បានទទួលរងការវាយប្រហារពីរលកកម្ដៅជាបន្តបន្ទាប់ផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា